កូវីដ១៩ឌែលតាបូកបន្ដរកឃើញនៅឥណ្ឌូនេស៊ី
កន្លងទៅថ្មីៗនេះនៅដើមខែសីហា អាជ្ញាធរឥណ្ឌូនេស៊ី បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ប្រភេទ ឌែលតាបូក ចំនួន៣ករណីនៅលើកោះ ស៊ូម៉ាត្រា និង កោះស៊ូឡាវេស៊ី។ ការរកឃើញនេះ មិនមែនជាលើកដំបូងនោះទេ សម្រាប់ឥណ្ឌូនេស៊ី ពោលគឺគេបានរកឃើញកូវីដ១៩ប្រភេទឌែលតាបូកចំនួន២ករណីដំបូងតាំងតែពីខែមុនមកម្ល៉េះ។
គួរជម្រាបថា ឥណ្ឌូនេស៊ីនៅតែបន្តឈរកំពូលតារាងក្នុងតំបន់អាស៊ាន ដែលមានការរីករាលដាលកូវីដ១៩ច្រើនជាងគេដដែល ពោលបើរាប់មកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុបជិត ៣លាន៥សែននាក់ហើយ រីឯអ្នកស្លាប់វិញមានដល់ទៅជិត ១០ម៉ឺននាក់ឯណោះ។
កូរ៉េខាងត្បូងរកឃើញមេរោគបំប្លែកថ្មី ឌែលតាបូក ជាលើកដំបូង
កូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ ក៏បានប្រកាសរកឃើញកូវីដ១៩ប្រភេទ ឌែលតាបូក ចំនួន២ករណីផងដែរ ដែលជាការរកឃើញដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្នុងចំណោមករណីទាំងពីរ មានមួយករណីរកឃើញលើបុរសវ័យ៤០ឆ្នាំម្នាក់ ដោយបុរសរូបនោះមិនដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ ដោយឡែក សម្រាប់មួយករណីទៀតរកឃើញលើអ្នកធ្វើដំណើរពីសហរដ្ឋអាមេរិក ដែលគាត់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចហើយ។
ប្រការនេះត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងដាក់ការសង្ស័យថា មេរោគកូវីដ១៩ ឌែលតាបូកនេះ កំពុងចរាចរនៅក្នុងប្រទេសកូរ៉េ រួចជាស្រេចទៅហើយ គ្រាន់តែគេមិនទាន់បានរកវាឃើញក្នុងចំនួនច្រើនប៉ុណ្ណោះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃជាមធ្យមក្នុងរង្វង់១ពាន់នាក់ ខណៈករណីឆ្លងសរុបបានកើនដល់ជាង២០ម៉ឺននាក់ និង ស្លាប់ជាង២ពាន់នាក់។
តើអ្វីទៅជាមេរោគបំប្លែងថ្មី ឌែលតាបូក ហើយវាមានកម្រិតនៃការឆ្លងយ៉ាងណាដែរ?
កូវីដ១៩ប្រភេទឌែលតាបូក ត្រូវបានគេរកឃើញដំបូងកាលពីខែមេសា នៅក្នុងរដ្ឋចំនួនបីនៃប្រទេសឥណ្ឌា។ បច្ចុប្បន្នវាបានបង្ហាញវត្តមាននៅជាង ២០ប្រទេសរួចហើយ រួមមាន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស ព័រទុយហ្គាល់ អាមេរិក ស្វីស រុស្ស៊ី និង ប៉ូឡូញ ជាដើម ប៉ុន្តែការរកឃើញក្នុងប្រទេសទាំងអស់នេះ នៅមានចំនួនករណីតិចតួចនៅឡើយទេ។
កូវីដ១៩ឌែលតាបូក ជាការបំប្លែងខ្លួនថ្មីមួយកម្រិតទៀតចេញពីវីរុសកូវីដ១៩ ឌែលតា ដែលបានរកឃើញដំបូងក្នុងប្រទេសឥណ្ឌា ដូចគ្នាផងដែរ។
បើតាមការអះអាងពីអ្នកជំនាញសុខាភិបាលឥណ្ឌា កូវីដ១៩ឌែលតាបូកមានលក្ខណៈឆ្លងរាលដាលកាន់តែងាយស្រួល ជ្រាបចូលទៅដល់កោសិកាសួតកាន់តែងាយស្រួល ហើយវាកាន់តែមានសមត្ថភាពប្រឆាំងទប់ទល់ទៅនឹងការព្យាបាលតាមរយៈការបង្កើតអង់ទីគ័រដើម្បីប្រឆាំងមេរោគឆ្លង។ ភ្លាមៗបន្ទាប់ពីរកឃើញ កូវីដ១៩ឌែលតាបូក ឥណ្ឌាបានដាក់វិរុសប្រភេទថ្មីនេះ ចូលក្នុងបញ្ជីជាមេរោគគួរឲ្យព្រួយបារម្ភបំផុត។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមកពីប្រទេសដទៃទៀត បាននិយាយថា ការអះអាងរបស់អ្នកជំនាញឥណ្ឌាជាការអះអាងលឿនរហ័សពេក មិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្នមេរោគកូវីដបំប្លែងខ្លួនថ្មីឌែលតាបូកនេះ កំពុងត្រូវបានអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក សិក្សាស្រាវជ្រាវបន្ថែមនៅឡើយទេ ហើយក៏មិនទាន់មានឯកសារផ្លូវការណាមួយពីអង្គការសុខភាពពិភពលោក ដើម្បីកំណត់ពីហានិភ័យនៃមេរោគប្រភេទនេះដែរ៕