បើទោះបីជាមិនបានរកឃើញករណីឆ្លងថ្មី និងករណីជាសះស្បើយថ្មី អស់រយៈពេលជិត៤សប្តាហ៍មកហើយក្តី តែក្រសួងសុខាភិបាលនៅតែក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យនៅតែបន្តការប្រុងប្រយ័ត្នដដែល ជៀសវាងការផ្ទុះឡើងជាថ្មីនៃមេរោគកូវីដ-១៩នេះ។ បែបនេះក្តី ក្រសួងសុខាភិបាលបានបញ្ជាក់ ក្រសួង និងក្រុមគ្រូពេទ្យ នៅតែត្រៀមជានិច្ច ជាពិសេសនាពេលនេះ ឃ្លាំងយុទ្ធសាស្ត្រចំនួន០២ បានចាក់បំពេញនូវសម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់ទប់ទល់នឹងកូវីដ-១៩ រួចរាល់អស់ហើយ។
សម្រាប់ឃ្លាំងទី០១(ឃ្លាំងសម្តេចតេជោ) ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦ បានស្តុកសម្ភារបរិក្ខារគ្រប់គ្រាន់ហើយ ក្នុងនោះរួមមាន ម៉ាសធម្មតា មានចំនួន ១៣,៥លានម៉ាស មានម៉ាស N95ចំនួន ៦៨ម៉ឺនម៉ាស សម្លៀកបំពាក់ការពារសម្រាប់ពេទ្យចំនួន ៥ពាន់សម្រាប់ រួមទាំងមុង ភួយ ខ្នើយ កន្ទេលចំនួន៥ពាន់ទៀត។
ដោយឡែកឃ្លាំងទី២(ឃ្លាំងសុខាភិបាល) មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ក៏មានសម្ភារបរិក្ខារស្តុកខ្លះដែរ ដោយក្នុងនោះ មានម៉ាសចំនួន ៣,៨លានម៉ាស សម្លៀកបំពាក់ការពារសម្រាប់ពេទ្យចំនួនជាង ១០ម៉ឺនសម្រាប់ មានម៉ាសN95ចំនួនជាង៣ម៉ឺនម៉ាស។ នេះបើតាមការឲ្យពីលោកជំទាវ យក់ សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ។
បើតាមលោកជំទាវ យក់ សម្បត្តិ សម្ភារបរិក្ខារវេជ្ជសាស្ត្រដែលនៅក្នុងឃ្លាំងទាំង២នេះ បានធ្វើការចែកចាយជារៀងរាល់ថ្ងៃទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំង២៥ខេត្តរាជាធានី។ ដោយឡែកសម្រាប់ម៉ាសធម្មតា និងអាល់កុល គឺចែកទៅតាមព្រំដែនសម្រាប់ពលករ និងមន្ត្រី ដែលចូលមកតាមច្រកព្រំដែននានា។
ចំពោះថវិកាដែលសប្បុរសជនបានបរិច្ចាគ សរុបបានប្រមាណជាង១៤លានដុល្លារហើយ ដោយក្នុងបានចំណាយទិញម៉ាសធម្មតា ម៉ាសN95 អាល់កុលជាដើម អស់ជាង៧លានដុល្លារហើយ។ ក្រៅពីនេះក៏មានថវិកាដែលបានការបរិច្ចាគប្រាក់បៀវត្សពីមន្ត្រីរាជចំនួន៤១ស្ថាប័ន ដែលសរុបប្រមាណជាជិត ១០លានដុល្លារ។
សូមជម្រាបថា ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ គឺមានចំនួន ១២០នាក់ដដែល ក្នុងចំណោមអ្នកជំងឺ១២២នាក់។ ហើយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ទាំង១២០នាក់នេះ មានទាំងជនជាតិខ្មែរ និងជនបរទេស រួមមានដូចជា ជនជាតិចិន អង់គ្លេស បារាំង អាមេរិក ប៊ែលហ្សិក កាណាដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕