អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយថា វិធានការតម្រូវឲ្យមានបណ្ណបញ្ជាក់សុខភាពរបស់បារាំង ដើម្បីអាចចូលទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន សារមន្ទីរ រោងកុន និងកន្លែងសាធារណៈផ្សេងទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង និងធ្វើតេស្តអវិជ្ជមាន ជាផ្នែកសំខាន់មួយដែលធ្វើឱ្យអត្រាឆ្លងនៅក្នុងប្រទេសបារាំងមានកម្រិតទាបជាងប្រទេសជិតខាងដទៃទៀត។
ដូចនេះ ដើម្បីបញ្ជៀសការឆ្លងខ្ពស់ក្នុងប្រទេស បារាំងនឹងបន្ថែមវិធានការទប់ស្កាត់បន្ថែមទៀត ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីវិធានការបន្ថែមអ្វីខ្លះនោះទេ។ ទន្ទឹមនេះ រដ្ឋាភិបាលបារាំងក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនអាចធ្វើការងារពីផ្ទះផងដែរ ព្រោះរដ្ឋាភិបាលក៏ចង់ជៀសវាងការកំណត់វិធានការទប់ស្កាត់ជួបជុំ ដែលពាក់ព័ន្ធលើសេរីភាពរបស់ពលរដ្ឋផងដែរ។ ដូចនេះ មានតែការពន្លឿនយុទ្ធនាការការចាក់វ៉ាក់សាំង និងការរឹតបន្តឹងច្បាប់លើការប្រើប្រាស់ប័ណ្ណសុខភាពប៉ុណ្ណោះទេ ដែលអាចទប់ស្កាត់ករណីឆ្លងថ្មី នឹងឆាប់បានត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងនឹងធ្វើតាមការណែនាំរបស់និយ័តករសុខភាព ដើម្បីបន្តយុទ្ធនាការការចាក់វ៉ាក់សាំងដូសជំរុញ ដល់មនុស្សដែលមានអាយុលើសពី៤០ឆ្នាំ។ ខណៈរហូតមកដល់ពេលនេះ ការចាក់ដូសជំរុញមានសម្រាប់តែមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកដែលងាយរងគ្រោះប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី ១ ខែធ្នូ នឹងចាក់ជូនមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បាននិយាយថា ទោះបីជាមានវិធានការថ្មីក៏ដោយ តែរលកទី៥ នៃការរាតត្បាតទំនងជានឹងកាន់តែអាក្រក់ទៅៗនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជម្រាបថា ករណីឆ្លងថ្មីជាមធ្យមរយៈពេល ៧ ថ្ងៃ ក្នុងប្រទេសបារាំងបានកើនឡើងលើស ២ពាន់ករណី ដែលវាជាចំនួនខ្ពស់លើកដំបូងចាប់តាំងពីថ្ងៃទី ២៤ ខែសីហាមក ខណៈគិតមកត្រឹមពេលនេះ ករណីឆ្លងសរុបមានចំនួនជិត ៧លាន ៥សែននាក់ និងអ្នកស្លាប់មានចំនួន ១១ម៉ឺននាក់៕
អត្ថបទ ស៊ើង និមល់