គេនៅចាំបានថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាកាលពីដើមឆ្នាំអំឡុងខែ មករា និងកុម្ភៈ គឺមានតម្លៃទាបមានមកនៅត្រឹមតែប្រមាណ៣.២០០រៀលប៉ុណ្ណោះក្នុងមួយលីត្រសម្រាប់សាំងធម្មតា។ ប៉ុន្ដែ ក្រោយមកតម្លៃប្រេងឥន្ធនៈបានចាប់ផ្ដើមកើនឡើងជាបន្ដបន្ទាប់ ហើយចាប់ពីដើមខែតុលាមក តម្លៃប្រេងសាំងធម្មតាគឺបានហក់ឡើងដល់លើស៤ពាន់រៀលក្នុងមួយលីត្រ។ យ៉ាងណាមិញ តាមតារាងតម្លៃតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ប្រេងសាំងធម្មតាគឺមានតម្លៃរហូតដល់ ៤,៥៥០រៀល ក្នុង១លីត្រ។ រីឯ តម្លៃប្រេងម៉ាស៊ូតវិញ មានមកនៅ ៤,១០០រៀល ក្នុង១លីត្រ។
ជុំវិញប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្ពស់ទៅៗនេះដែរ ប្រជាពលរដ្ឋបានត្អូញត្អែរពីការលំបាក និងធ្វើឲ្យប្រាក់របស់ពួកគាត់មានការថយចុះ ដោយសារតែត្រូវចំណាយខ្ពស់ជាងមុនលើថ្លៃសាំងនេះ។ ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យខាងអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលជួយសម្រួលឲ្យតម្លៃប្រេងសាំងនេះ នៅទាបជាងនេះបន្តិចទៀត។
ជុំវិញបញ្ហាប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃនេះដែរ ត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានអះអាង ប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិនោះទេ ក្នុងការកំណត់តម្លៃប្រេងសាំងលើទីផ្សារនៅកម្ពុជា ព្រោះតម្លៃប្រេងសាំងឡើងថ្លៃ ឬថយចុះ គឺអាស្រ័យលើតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ការឡើងថ្លៃតម្លែប្រេងឥន្ធនៈនៅកម្ពុជានាពេលបច្ចុប្បន្ននេះ បានកើតឡើងក្រោយតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃរហូតជាង ៨៣ដុល្លារអាមេរិក ក្នុង១ធុងបារ៉ែល នៅមួយរយៈចុងក្រោយ បន្ទាប់ពីតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើសកលលោក មានការកើនឡើង ក្រោយការស្ទុះងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង តម្លៃប្រេងឆៅអាមេរិក និងអង់គ្លេស បានបន្តកើនឡើងថែមទៀត នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ខណៈសម្រាប់ប្រេងអាមេរិក មានតម្លៃ ៨៣ដុល្លារ ២២សេន ក្នង១ធុងបារ៉ែល។ រីឯ ប្រេងនៅទីផ្សារអង់គ្លេសវិញ មានតម្លៃ ៨៣ដុល្លារ ៧២សេនក្នុង១ធុងបារ៉ែល។
បើតាមការអះអាងរបស់ក្រុមអ្នកវិភាគផ្នែកទីផ្សារ បានឲ្យដឹងថា ការឡើងថ្លៃនៃតម្លៃប្រេងពិភពលោកនេះ គឺនៅគ្រាដែលប្រទេសជាច្រើននៅទូទាំងពិភពលោកចាប់ផ្ដើមមានសកម្មភាពសេដ្ឋកិច្ចច្រើនឡើងវិញ ក្រោយពីការបិទខ្ទប់នៅអំឡុងពេលកូវីដ១៩ គួបផ្សំនឹងបញ្ហាកង្វះខាតថាមពលអគ្គីសនីជាសកលក៏កំពុងជំរុញឲ្យតម្លៃប្រេងមានការកើនឡើងដែរ៕