បើតាមសាលារាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញនេះ ធ្វើឡើងនៅសម្រាប់កុមារ និងយុវវ័យទាំងអស់ ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់ និងមានគម្លាតរយៈពេលចាប់ពី ៤ខែឡើងបន្ទាប់ ពីការចាក់ដូសទី២ ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំង ៤២កន្លែង ក្នុងខណ្ឌទាំង១៤ ទូទាំងរាជធានីភ្នំពេញ។ ដើម្បីបង្កភាពងាយស្រួលដល់កុមារ និងយុវវ័យ នៅពេលទៅទទួលវ៉ាក់សាំងកូវីដ១៩ សាលារាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់កុមារ និងយុវវ័យទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចជា៖ ប័ណ្ណ ឬកាត ចាក់វ៉ាក់សាំងកូវីដ១៩, សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ជាដើម ដែលបានប្រើប្រាស់ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១។
គិតមកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់២ដូស ជូនពលរដ្ឋទូទៅជាង១៤លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។ ដោយឡែក មានកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំវិញ មានស្ទើ១០០% ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូសទី២ នៃមនុស្សគោលដៅចំនួន ២លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕
អត្ថបទ ហួន ស្រីនីត