ក្រោយពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យបើកប្រទេសឡើងវិញ រហូតមកពេលនេះវិស័យអាកាសចរណ៍បានងើបឡើងវិញជាបណ្ដើរៗ ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញផងដែរ។ នេះបើតាមការអះអាងរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុយក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងនោះ សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរដល់១៤ជើងក្នុង១សប្តាហ៍ ខណៈចាប់ពីខែធ្នូ ឆ្នាំ២០២១តទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងរហូត ៤៣ជើងក្នុង១សប្តាហ៍ ធៀបទៅនឹង ខែតុលា ឆ្នាំ២០២១ គឺមានការកើនឡើង១៦%។
ខណៈដែលវិស័យអាកាសចរណ៍កម្ពុជា កំពុងមានសញ្ញាវិជ្ជមានឡើងវិញ ស្រាប់តែពិភពលោកបានបង្ហាញនូវវត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះថា អូមីក្រុង ដែលកំពុងបង្កជាក្ដីព្រួយបារម្ភខ្លាំងផងដែរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា វត្តមានមេរោគបំប្លែងថ្មី អូមីក្រុង ពិតជាជះឥទ្ធិពលដល់វិស័យអាកាសចរណ៍នៅកម្ពុជា ពិតមែន ក៏ប៉ុន្តែ វាមិនទាន់ក្លាយជាក្ដីកង្វល់ខ្លាំងពេកនោះទេ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា ដ្បិតកន្លងមកអ្នកដំណើរពីទ្វីបអាហ្រ្វិកចូលមកកម្ពុជា មិនសូវសម្បូរក៏ពិតមែន តែកម្ពុជាក៏មានការព្រួយបារម្ភដែរថា មេរោគបំប្លែងថ្មី អូមីក្រុង នេះ អាចនឹងផ្ទុះឡើងនៅតំបន់អាស៊ី ហើយវានឹងអាចជះឥទ្ធិពលអវិជ្ជមានដែរ ដល់វិស័យអាកាសចរណ៍កម្ពុជា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានបញ្ជាក់ទៀតថា ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ផ្តោតទៅលើអាទិភាពបន្ទាប់ គឺការបើកជើងហោះហើរ ជាប្រក្រតីភាពឡើងវិញ រវាងកម្ពុជា និងចិន នៅពេលណាមានការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃរដ្ឋាភិបាលចិន។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជា ចាំបាច់បំផុតគឺត្រូវពឹងផ្អែកលើអ្នកដំណើរដែលមកពីប្រទេសចិន ក៏ប៉ុន្តែវានៅតែត្រូវការពេលវេលាបន្ថែមទៀត ព្រោះវិធានការរបស់រដ្ឋាភិបាលចិន មិនទាន់មានការធូរស្បើយនៅឡើយ។
សូមបញ្ជាក់ថា ដោយមានការបារម្ភពីមេរោគបំប្លែងថ្មី និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី«អូមីក្រុង»នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចំនួន១០ នៃទ្វីបអាហ្វ្រិកចូល មិនឲ្យមកកម្ពុជានោះទេ៕