មកទល់ពេលនេះ មានរយៈពេលជិត២ខែហើយ ដែលកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានចូលជាធរមាន ក៏ប៉ុន្ដែនៅមិនទាន់មានក្រុមហ៊ុនស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងទាំងអស់នេះនៅឡើយទេ។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រសួងនឹងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដល់បណ្តាក្រុមហ៊ុនផលិត និងនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្រោយពេលស្ថានភាពកូវីដ១៩ធូរស្រាល។ គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីក្រុមហ៊ុននាំចេញយល់ដឹងពីអត្ថប្រយោជន៍ និងនីតិវិធីស្នើសុំផ្សេងៗ សម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរ ដែលបានចូលជាធរមានអស់រយៈពេលជិតពីរខែកន្លងមកនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះអះអាងថា កិច្ចព្រមព្រៀងទាំងពីរខាងលើមានលក្ខណៈល្អប្រសើរជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាអាស៊ាន និងអាស៊ានបូក ដែលកម្ពុជាធ្លាប់បានអនុវត្តក្នុងការនាំចេញកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តមលើកទឹកចិត្ត និងស្នើឲ្យក្រុមហ៊ុននាំចេញទាំងអស់មកស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះឲ្យបានគ្រប់ៗគ្នា។
ពាក់ព័ន្ធការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរខាងលើ ឯកឧត្តម ស៊ាង ថៃ បានអះអាងថា ការស្នើសុំមិនមានភាពស្មុគស្មាញអ្វីនោះទេ ពោលគឺ នីតិវិធីស្នើសុំដូចទៅនឹងការស្នើសុំលិខិតបញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងដទៃដែរ។ ហើយក្រុមហ៊ុននាំចេញក៏អាចស្នើសុំលិខិតបញ្ជាក់ដើមកំណើតទំនិញ នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរខាងលើតាមប្រព័ន្ធអនឡាញផងដែរ។
បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់បានចូលជាធរមានជិតពីរខែក្តី តែមកទល់ពេលនេះពុំទាន់មានការនាំចេញទំនិញណាមួយធ្វើឡើងក្រោមកិច្ចព្រមព្រៀងទាំងពីរនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានមកសួរព័ត៌មានជុំវិញការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះដែរ។
ជុំវិញការមិនទាន់មានក្រុមហ៊ុនមកស្នើសុំ CO សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ ត្រូវបានឯកឧត្តម ស៊ាង ថៃ វាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកនាំចេញខ្លះមិនទាន់ចាប់អារម្មណ៍ក្នុងការនាំចេញទៅទីផ្សារថ្មី ឬកំពុងសិក្សាពីផលចំណេញ ទើបពួកគេមិនទាន់ហ៊ាននាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ម្យ៉ាងទៀត អាចមានអ្នកនាំចេញខ្លះគិតថា ការនាំចេញរបៀបចាស់ និងទៅទីផ្សារចាស់វាមានភាពល្អប្រសើរហើយជាដើម៕