សារលិខិតដែលផ្ញើជូនបុគ្គលិកកាលពីថ្ងៃអង្គារ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនហ្គ្រែប លោក អេនថូនី តាន (Anthony Tan) បាននិយាយថា ការកាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនបំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដមក គឺមិនមែនជា«ផ្លូវកាត់ទៅរកប្រាក់ចំណេញ»នោះទេ ប៉ុន្តែវាជាការរៀបចំឡើងវិញជាយុទ្ធសាស្រ្ត ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសអាជីវកម្មបច្ចុប្បន្ន។
លោក តាន បានថ្លែងក្នុងលិខិតនោះថា អ្វីៗផ្លាស់ប្តូរយ៉ាងលឿនមិននឹកស្មានដល់។ បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីជាដើម កំពុងវិវឌ្ឍយ៉ាងលឿនបំផុត ហើយការចំណាយដើមទុនបានកើនឡើង ជាហេតុប៉ះពាល់យ៉ាងខ្លាំងដោយផ្ទាល់ដល់លទ្ធភាពប្រកួតប្រជែង។
លោក តាន បានបន្ថែមថា ក្រុមហ៊ុនត្រូវតែផ្សារភ្ជាប់ទំហំក្រុមហ៊ុនទៅនឹងប្រតិបត្តិការប្រកបដោយភាពបត់បែន និងការគ្រប់គ្រងចំណាយដ៏ប៉ិនប្រសប់ ដើម្បីឱ្យក្រុមហ៊ុនអាចផ្តល់ជូនសេវាកម្មដែលមានតម្លៃសមរម្យជាងមុនប្រកបដោយនិរន្តរភាព ហើយទទួលបានអតិថិជនដែលប្រើសេវាកម្មរបស់ក្រុមហ៊ុនកាន់តែច្រើន។
លោក តាន បានបញ្ជាក់ថា ទោះជាក្រុមហ៊ុនហ្គ្រែបមិនកាត់បន្ថយបុគ្គលិកក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែអាចគ្រប់គ្រងការចំណាយរបស់ខ្លួនបានដដែល ហើយក៏អាចសម្រេចបានប្រាក់ចំណូលរួចខ្លួនសម្រាប់ឆ្នាំនេះផងដែរ។
ក្រុមហ៊ុនដឹកជញ្ជូនដ៏កំពូលនេះ ដែលប្រើកម្មវិធីទូរស័ព្ទជាមធ្យោបាយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីផ្តល់សេវាដឹកជញ្ជូន សេវាធ្វើដំណើរ និងសេវាហិរញ្ញវត្ថុនៅតាមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមទាំងឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមផង។
ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជិត៥% បន្ទាប់ពីលោក តាន បានប្រកាសពីការកាត់បន្ថយបុគ្គលិកនេះរួច ហើយភាគហ៊ុននេះបានកើនឡើងរហូតដល់៥,៦% នៅមុនពេលជួញដូរលើទីផ្សារ ក្រោយពីទូរទស្សន៍ Bloomberg បានផ្សាយអំពីការកាត់បន្ថយបុគ្គលិកនេះ។
ការកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនហ្គ្រែបបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ីហ្គូធូ (GoTo) បានកាត់បន្ថយបុគ្គលិករបស់ខ្លួនកាលពីឆ្នាំមុន។ ក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាហិរញ្ញវត្ថុនៅឥណ្ឌូនេស៊ីនោះ បានកាត់បន្ថយចំណាយយ៉ាងខ្លាំងបំផុត រួមទាំងការកាត់បន្ថយកម្លាំងការងារចំនួន១២% ក្នុងឆ្នាំ២០២២ និងបានបញ្ឈប់បុគ្គលិកចំនួន៦រយនាក់បន្ថែមទៀត នៅក្នុងខែមីនាឆ្នាំនេះ៕