នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines រំពឹងថា នឹងទទួលអ្នកដំណើរអន្តរជាតិសរុបប្រហែល ៥០ ភាគរយបន្ថែមទៀត បើធៀបនឹងថ្ងៃចន្ទអាទិត្យមុន ដែលមានប្រមាណ ២ ម៉ឺននាក់ ។ ដោយឡែក ក្រុមហ៊ុន Delta Airlines បាននិយាយថា ក្នុងរយៈពេល ៦ សប្តាហ៍ ចាប់តាំងពីការបើកដំណើរការឡើងវិញ ការកក់សំបុត្រជើងយន្តហោះអន្តរជាតិត្រូវបានប្រកាសថា មានការកើនឡើង ៤៥០% បើធៀបទៅនឹងរយៈពេល ៦ សប្ដាហ៍ មុនការប្រកាស ។
ទន្ទឹមនេះ រដ្ឋបាល លោក ចូ បៃដិន ក៏បានធ្វើការជជែកជាច្រើនជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដើម្បីរៀបចំសម្រាប់លំហូរនៃអ្នកធ្វើដំណើរអន្តរជាតិបន្ថែមទៀត ដែលនឹងចាប់ផ្តើមមកដល់អាកាសយានដ្ឋានសហរដ្ឋអាមេរិកជាបណ្ដើរៗ។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនចំនួនជើងហោះហើរទៅអឺរ៉ុប ហើយគ្រោងនឹងប្រើប្រាស់ប្រភេទយន្តហោះធំជាងមុនផងដែរ។
ទោះយ៉ាងណា ចំពោះការបើកព្រំដែនគោកទទួលអ្នកដំណើររបស់សហរដ្ឋអាមេរិកនឹងធ្វើឡើងជាពីរដំណាក់កាល។ ដោយដំណាក់កាលទី ១ គិតចាប់ពីថ្ងៃចន្ទនេះតទៅ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់សាំង គឺអាចធ្វើដំណើរចូលទៅអាមេរិកបានដូចគ្នា។ តែសម្រាប់ដំណាក់កាលទី ២ ដែលចាប់ផ្តើមនៅដើមខែមករា ឆ្នាំ ២០២២ នឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់ ទើបអាចចូលសហរដ្ឋអាមេរិកតាមផ្លូវគោកបាន។
សូមរំឭកថា អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា សម្រាប់វ៉ាក់សាំងដែលអ្នកដំណើរបានចាក់នោះ ដាច់ខាតត្រូវតែទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោក ទើបអាចចូលមកអាមេរិកបាន។ ក្នុងនោះ រួមមាន វ៉ាក់សាំង AstraZeneca, Johnson & Johnson, Moderna, Pfizer, Covaxin, Sinopharm និង Sinovac ជាដើម ៕
អត្ថបទ ស៊ើង និមល់