តាមរយៈវេទិកាទេសចរណ៍អាស៊ាននេះ កម្ពុជារំពឹងថា វាគឺជាឱកាសផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា និងការប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ក្រោយខកខានដោយសារការរីករាតត្បាតកូវីដ១៩។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករាឆ្នាំ២០២២ ដែលបានរៀបចំឡើង ក្នុងខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពីប្រទេសសាំងហ្គាពួរ,ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លើសពីនេះទៀត ក៏មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងមន្ត្រីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
ឣំឡុង វេទិកាទេសចរណ៍អាស៊ាននេះ មានកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, កិច្ចប្រជុំអាស៊ានបូកបី(ជប៉ុន កូរ៉េខាងត្បូង និងចិន), កិច្ចប្រជុំអាស៊ានបូកមួយ(អាស៊ាន -ឥណ្ឌា), កិច្ចប្រជុំអាស៊ាន-រុស្ស៉ី, កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំ ជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ផងដែរ។
ឯកឧត្តម ថោង ខុន ធ្លាប់បានបញ្ជាក់រួចមកហើយអំពីមូលហេតុ ដែលរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដោយសារតែខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចាំបាច់ប្ដូរជើងយន្តហោះ ជាមួយនឹងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់ពលរដ្ឋ ក្នុងខេត្តនេះក៏សម្រេចបានច្រើនរួចហើយដែរ។ តាមរយៈវេទិកានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏រំពឹងដែរថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន ពិសេសក្រុមហ៊ុនរកស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជា នឹងពង្រីកដៃគូធុរកិច្ចបានកាន់តែច្រើន ក្នុងការទាក់ទាញភ្ញៀវឲ្យមកកម្សាន្តនៅកម្ពុជា ក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ៕