បើតាមមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅបន្តការងារបន្តរបស់ក្រសួងការងារ កាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២០នេះថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណា ឬហៅថា Covid 19 បាននិងកំពុងធ្វើឲ្យរោងចក្រប្រមាណ ២០០ រោងចក្រ ប្រឈមនឹងការកង្វះវត្ថុធាតុដើមផលិត និងអាចប៉ះពាល់ដល់ការងារកម្មករកម្មការិនី ប្រមាណ ១៦ម៉ឺននាក់។
បើតាមឯកឧត្តម ហេង សួរ ថ្មីៗនេះ មានរោងចក្រប្រមាណជា ១០ រោងចក្រហើយ បានដាក់ពាក្យស្នើសុំព្យួរការងារកម្មករ តែមិនមែនព្យួរការងារទាំងអស់នោះទេ ពោលគឺ ព្យួរផ្នែកខ្លះ នៃច្រវាក់ផលិតកម្មនៃរោងចក្រទាំងនោះប៉ុណ្ណោះ ពោលគឺ បើគិតចំនួនការងារកម្មករកម្មារិនី ដែលត្រូវបានស្នើព្យួរនេះ គឺមានប្រហែល ៣ពាន់នាក់ប៉ុណ្ណោះ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា «គិតត្រឹមព្រឹកមិញនេះ [ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២០] មានរោងចក្រចំនួន ១០ បានចាប់ផ្ដើមស្នើសុំព្យួរការងារ ក៏ប៉ុន្ដែ មិនមែនព្យួរ១០០ភាគរយទេ គឺព្យួរដោយផ្នែកនៃសង្វាក់ផលិតកម្ម ចឹងបើគិតជារោងចក្រ គឺថាមាន១០ ក៏ប៉ុន្ដែ បើគិតពីចំនួនកម្មករនយោជិត ដែលផ្អាក [ការងារ] តាមផ្នែកនេះ គឺមានត្រឹមតែ ៣ពាន់នាក់នៅឡើយទេ។» ឯកឧត្តម បន្ដទៀតថា ខាងក្រសួងការងារ បាននិងកំពុងធ្វើការងារសម្របសម្រួលជាមួយរោងចក្រទាំងនោះ ដើម្បីផ្ដល់ជូនប្រាក់បៀវត្សរ៍ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិតផងដែរ។
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានឲ្យដឹងដែរថា នៅពេលដែលរោងចក្រព្យួការងារ កម្មករនយោជិតដែលត្រូវបានព្យួរការងារ អាចនឹងទទួលបានប្រាក់ខែ ៦០% នៃប្រាក់ខែគោលរបស់ពួកគេ ពោលគឺនឹងទទួលបានប្រមាណ ១២០ ដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែ។ ក្នុងចំនួនប្រាក់ខែ ៦០%នោះ ថៅកែរោងចក្រត្រូវចំណាយ ៤០% និងរាជរដ្ឋាភិបាលជួយបន្ថែម ២០%។
ទោះយ៉ាងណា ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ទៀតថា ស្ថានការវិវត្តន៍ចុងក្រោយនេះ ឃើញថា ច្រវាក់ផលិតកម្មនៅក្នុងប្រទេសចិន បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗហើយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជំរុញទាំងជាមួយអ្នកបញ្ជាទិញ រោងចក្រ និងការធ្វើការរវាងកម្រិតរដ្ឋាភិបាលវាងប្រទេសកម្ពុជា និងចិនផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលចិនអាចផ្ដល់នូវលទ្ធភាពនៃការផ្គត់ផ្គង់នូវវត្ថុធាតុដើមនេះ ជូនមកប្រទេសកម្ពុជា ពោលគឺ ធ្វើយ៉ាងណាឲ្យរយៈពេលនៃការកង្វះវត្ថុធាតុដើមនេះ គឺមានរយៈពេលខ្លី។
ទាក់ទងនឹងបញ្ហាកង្វះវត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះថា កម្ពុជាអាចនឹងជួលយន្ដហោះ ទៅដឹកវត្ថុធាតុដើមមកពីប្រទេសចិន ដើម្បីសង្គ្រោះរោងចក្រកាត់ដេរកម្ពុជា កុំឲ្យបិទទ្វារ។ សម្ដេចបន្ថែមទៀតថា មធ្យោបាយមួយទៀត ក៏អាចដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
សម្ដេច មានប្រសាសន៍យ៉ាងដូច្នេះថា សម្តេចបានបន្តថា «យើងអាចនឹងជួលយន្តហោះពីកម្ពុជា ទៅដឹកវត្ថុធាតុដើមហ្នឹងមក ព្រោះអាហ្នឹង វាអត់មានដឹកភ្ញៀវទេ ដឹកតែសាច់ក្រណាត់មកតែម្តង។ខ្ញុំផ្តល់ជាមតិ ម្ខាងយើងអាចដឹកជញ្ជូនតាមផ្លូវទឹក ម្ខាងអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រមួយចំនួនដែលខើច»។
បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់បានបញ្ជាក់ថា រោងចក្រកាត់ដេរមានតម្រូវការវត្ថុធាតុដើមពីប្រទេសចិនចំនួន ៦០% សម្រាប់បម្រើដល់ផលិតកម្មរបស់ខ្លួន។
សូមបញ្ជាក់ដែរថា បើតាមការអះអាងរបស់មន្ត្រីនាំពាក្យក្រសួងការងារ បានឲ្យដឹងដែរថា បញ្ហាកង្វះវត្ថុធាតុដើមផលិតសម្រាប់រោងចក្រនេះ វាមិនត្រឹមតែប៉ះពាល់តែនៅកម្ពុជានោះទេ មានប្រទេសជាច្រើនផ្សេងទៀត ដូចជាវៀតណាម ជប៉ុន និងកូរ៉េ រួមទាំងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីនេះ ក៏បានផ្អាកនូវច្រវាក់ផលិតកម្មមួយចំនួនដែរ ដោយសារតែបញ្ហារាំងស្ទះនៃការផ្គត់ផ្គង់ពីប្រទេសចិនេះ៕