តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Forever FUG Garment គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគជាង ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានរហូតជាង ២.២០០កន្លែង។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងសន្និសីទ សារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា បើទោះបីជា ស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ប៉ុន្តែខេត្តកំពុងស្ពឺ នៅតែបន្តទទួលបានការវិនិយោគ និងការបើកដំណើរការអាជីវកម្ម សហគ្រាសខ្នាតតូច មធ្យម និងសិប្បកម្មថ្មីៗជាប្រចាំ ដោយសារភាពអំណោយផលនៃទីតាំងភូមិសាស្ត្រដែលនៅចន្លោះប៉ូលសេដ្ឋកិច្ចចំនួន ២ នៅកម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ឯកឧត្តមបញ្ជាក់ថា គិតត្រឹមដើមខែ កក្កដា ឆ្នាំ២០២០ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគរោងចក្រអាជីវកម្មសរុបរហូតដល់ជាង ១.៥០០ មូលដ្ឋាន ខណៈរោងចក្រធុនធំមានចំនួនសរុប ១៦១រោងចក្រ។
សូមជម្រាបផងដែរថា ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម រោងចក្រ វិស័យកសិ-ឧស្សាហកម្ម វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យអប់រំកម្រិតខ្ពស់ ដែលបានចាក់បញ្ចូលប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារតាមរយៈខេត្តមួយនេះ៕