យើងតាមរបាយការណ៍របស់ ILO ដែលបានផ្សាយថ្មីៗនេះ បានឲ្យដឹងថា ជីវភាពរស់នៅរបស់កម្មករនិយោជិតចន្លោះពីជាង ៤លាននាក់ ទៅជាង ១០លាននាក់នៅវៀតណាម ដែលធ្វើការនៅក្នុងវិស័យជាច្រើនដូចជា ការលក់រាយ, ទេសចរណ៍, ការដឹកជញ្ជូន, កម្មន្ដសាល, ផ្ទះសំណាក់សណ្ឋាគារ, និងសេវាកម្មម្ហូបអាហារ អាចនឹងត្រូវរងផលប៉ះពាល់ដោយសារតែបញ្ហារីករាលដាលនៃមេរោគ កូវីដ-១៩។
របាយការណ៍បានគូសបញ្ជាក់ទៀតថា កម្មករនិយោជិតវៀតណាម នឹងមើលឃើញពីការធ្លាក់ចុះនៃម៉ោងធ្វើការងារ, ស្រុតចុះប្រាក់ចំណូល ឬអាចឈានដល់បាត់បង់ការងាររបស់ពួកគេផងដែរ។
ជាមួយនឹងវិស័យលក់ដុំ និងរាយ កំពុងប្រឈមនឹងតម្រូវការស្រុតចុះ ដោយសារតែបញ្ហាគម្លាតសង្គម និងទេសចរណ៍នោះ ការដឹកជញ្ជូន និងការស្តុកទំនិញ ក៏រងផលប៉ះពាល់ដូចគ្នា ដោយសារតែការហាមឃាត់ការធ្វើដំណើរ ដែលផលអវិជ្ជមានទាំងនេះ គឺពិតជាពិបាកជៀសផុតណាស់។
អាជីវកម្មជាច្រើនទាំងខ្នាតតូច និងធំ និង គ្រប់វិស័យទាំងអស់ បានបិទទ្វារអំឡុងពេលដែលមានការផ្សព្វផ្សាយអំពីការតម្រូវឲ្យមានគម្លាតសង្គម ខណៈដែលរោងចក្រកំពុងតែកាត់បន្ថយម៉ោងធ្វើការងាររបស់កម្មករ ឬអនុញ្ញាតឲ្យកម្មករឈប់ពីការងារ។
អង្គការ ILO បានគូសបញ្ជាក់ថា «ការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច ដែលកំពុងរីករាលដាល កំពុងធ្វើឲ្យមានផលប៉ះពាល់មិនធ្លាប់មានឡើយលើវិស័យការងារនៅក្នុងប្រទេសវៀតណាម»។
របាយការណ៍របស់អង្គការនេះ បានបន្ថែមទៀតថា វិបត្តិនឹងឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មករធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារតែពួកគេមានកង្វះខាតផ្នែកគាំពារសង្គម។ ចន្លោះពី ៨៤ ទៅ៨១ភាគរយ នៃ បុគ្គលិកដែលធ្វើការនៅក្នុងផ្ទះសំណាក់ សណ្ឋាគារ, ការលក់រាយ និងការដឹកជញ្ជូន គឺ ជាអ្នកធ្វើការងារនៅក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កំណើនសេដ្ឋកិច្ចប្រទេសវៀតណាមនៅត្រីមាសទី១ នៅឆ្នាំនេះ មានប្រមាណ៣,៨% ដែលជាកំណើនមួយទាបបំផុតក្នុងរយៈពេល១ទសវត្សរ៍មកនេះ។ យោងតាមការិយាល័យស្ថិតិទូទៅ បានឲ្យដឹងថា យ៉ាងហោចណាស់ មានក្រុមហ៊ុនជាង ១៨.៦០០ ក្រុមហ៊ុនបានធ្វើការព្យួរអាជីវកម្មជាបណ្ដោះអាសន្ន នៅត្រីមាសទី១នេះ មានការកើនឡើង២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕