ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសម្រេចចិត្តដកហូតវ៉ាក់សាំងមួយចំនួន ដើម្បីជាការប្រុងប្រយ័ត្ន បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយ ក្រុមហ៊ុនឱសថតាកីដា(Takeda)របស់ជប៉ុន ដែលជាអ្នកគ្រប់គ្រងការចែកចាយវ៉ាក់សាំងម៉ូឌឺណានៅក្នុងប្រទេស។
ក្រុមហ៊ុនModerna បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលព័ត៌មានថា មានបញ្ហាសាធារធាតុដែលអាចចម្លងរោគមាននៅក្នុងដបវ៉ាក់សាំងកូវីដ-១៩របស់ខ្លួនមែន។
មន្ត្រីក្រសួងសុខាភិបាលជប៉ុនម្នាក់បាននិយាយថា ក្រុមហ៊ុន Takeda របស់ជប៉ុនដែលជាអ្នកចែកចាយវ៉ាក់សាំងនេះ Moderna នៅក្នុងប្រទេស គឺបានរកឃើញករណីដបវ៉ាក់សាំងមានសារធាតុអាចចម្លងមេរោគនេះ នៅថ្ងៃទី ១៦ ខែសីហា ហើយបានជូនដំណឹងពីបញ្ហាទៅកាន់រដ្ឋាភិបាលកាលពីថ្ងៃពុធសប្ដាហ៍នេះ។
ក្រុមហ៊ុន Moderna បានបញ្ជាក់ថា សារធាតុដែលអាចចម្លងមេរោគដែលរកឃើញនៅក្នុងដបវ៉ាក់សាំងគឺអាចបណ្ដាលមកពីបញ្ហារោងចក្រផលិត នៅក្នុងខ្សែចង្វាក់ផលិតកម្មនៅក្នុងប្រទេសអេស្ប៉ាញ។
ទាំងខាងអាជ្ញាធរជប៉ុន និងខាងក្រុមហ៊ុន Moderna បាននិយាយថា ការផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Moderna នៅក្នុងប្រទេសជប៉ុននេះ គឺគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ពោលគឺនៅមិនទាន់មានបញ្ហាគ្រោះថ្នាក់កើតឡើងដោយសារតែថ្នាំវ៉ាក់សាំងនេះនៅឡើយទេ។ បើទោះបីជា គ្រាន់តែជាករណីសង្ស័យក៏ពិតមែន ប៉ុន្ដែ ក្រុមហ៊ុនជប៉ុនជាច្រើន បានសម្រេចលុបចោលកម្មវិធីការចាក់វ៉ាក់សាំងសម្រាប់កម្មកររបស់ខ្លួនដែលបានគ្រោងធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ខែសីហា។
ក្រុមហ៊ុនឱសថជប៉ុន Takeda បានអះអាងថា ក្រុមហ៊ុនកំពុងតែធ្វើការស៊ើបអង្កេតចំពោះរបាយការណ៍នេះ និងបន្ដប្ដេជ្ញាធ្វើការងារយ៉ាងសកម្មជាមួយដៃគូរបស់ខ្លួន និងនិយ័តករដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មានប្រជាជនជប៉ុនប្រហែល ៥០% បានចាក់វ៉ាក់សាំង១ដូស និង ជាង ៤០% បានទទួលវ៉ាក់សាំងគ្រប់២ដូស។ ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានឱ្យដឹងថា ប្រជាជនប្រមាណ ៦០% នឹងត្រូវបានចាក់វ៉ាក់សាំងគ្រប់២ដូសនៅចុងខែកញ្ញា ហើយជប៉ុនក៏នៅតែមានវ៉ាក់សាំងគ្រប់គ្រាន់ បើទោះបីជាមានការសម្រេចចិត្តដកហូតវ៉ាក់សាំង Moderna ផ្អាកការប្រើប្រាស់ក៏ដោយ៕
អត្ថបទ៖ ស៊ើង និមល់