ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី ក៏មានការចូលរួមពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ដោយពហុកីឡដ្ឋាននេះ បានចំណាយថវិកាសាងសង់អស់ប្រមាណជិត១៦០លានដុល្លារអាមេរិក ហើយក្នុងនោះ ក៏មានជំនួយថវិកាឥតសំណងពីខាងរដ្ឋភិបាលចិនសម្រាប់ការសាងសង់ផងដែរ។
ថ្លែងនៅក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានមរតកតេជោ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកប្រទេសចិន គឺជាមិត្តដែកថែប របស់កម្ពុជា ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកសមិទ្ធផលថ្មី ពហុកីឡដ្ឋានមរតកតេជោ គឺជាការទទួលផលដើមរដូវ ជាមួយចំណងមិត្តភាពកម្ពុជា-ចិន។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ចង់បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន នៅតែបន្តយូរអង្វែង តទៅទៀត ដែលកន្លងមកភាគីចិន តែងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។ ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើគ្មានទំនាក់ទំនងកម្ពុជា-ចិន នោះទេ សូម្បីសម្ដេចផ្ទាល់ ក៏មិននឹកស្មានថា នឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះដែរ។
បន្ទាប់ពីសម្ពោធឱ្យប្រើប្រាស់នូវពហុកីឡដ្ឋានមរតកតេជោ សម្ដេច ហ៊ុន សែន ក៏រំពឹងថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន នឹងមានវត្តមានជាបន្តបន្ទាប់ ក្នុងការសម្ពោធនូវផលិតផលផ្សេងៗ ជាច្រើនទៀត ដែលជាចំណងមិត្តភាពរវាងកម្ពុជា-ចិន។ សម្ដេច បានបញ្ជាក់ថា កម្ពុជា មិនមែនបង្កើតចំណងមិត្តភាពជាមួយចិនត្រឹមរយៈពេលខ្លីនោះទេ គឺមានទំនាក់ទំនងយូរអង្វែងទៅមុខទៀត។
សូមបញ្ជាក់ថា ឯកឧត្តម វ៉ាង យី មានដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ដោយឯកឧត្តម នឹងត្រូវចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។
កីឡដ្ឋានលំដាប់អន្តរជាតិដែលត្រូវបានភាគីចិនប្រគល់ជូនកម្ពុជា ត្រូវបានសាងសង់ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ចិន ដែលអាចចាត់ទុកជាកីឡដ្ឋានល្អដាច់គេមួយនៅតំបន់អាស៊ាន។ គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសាងសង់នៅលើផ្ទៃដីជាង៨៥ហិកតានេះ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្បែរនឹងពហុកីឡដ្ឋានខ្នាតអន្តរជាតិមួយនេះ ក៏មានគម្រោង«ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ»(WorldBridge Sport Village) ដ៏ធំស្កឹមស្កៃមួយ បាននិងកំពុងសាង់សង់យ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមសម្រាប់បម្រើដល់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣។ ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ ដែលជាសមិទ្ធផលចាប់ដៃរួមគ្នារវាងក្រុមហ៊ុនវើលដ៍ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ជាមួយរាជរដ្ឋាភិបាលនេះលាតសន្ធឹងលើផ្ទៃដី៦ហិកតា ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារអាមេរិក៕