តាមប្រកាសរបស់ក្រសួង ករណីវិជ្ជមានកូវីដ១៩ថ្មី ទាំង៣១នាក់នេះ ឆ្លងលើបុរសនិងស្ត្រីជនជាតិបារាំងចំនួន ២៩នាក់ និងបុរសជនជាតិខ្មែរ ០២នាក់។
ជនជាតិបារាំងដែលឆ្លងថ្មី ២៩នាក់នេះ គឺស្ថិតក្នុងចំណោមទេសចរបារាំង ៣៦នាក់ ដែលមកទេសចរណ៍នៅកម្ពុជាជាកញ្ចប់ ដោយក្នុង ៣៦នាក់នេះ ត្រូវគេរកឃើញថា មានឆ្លងវីរុសកូវីដ១៩ ចំនួន ៣១នាក់ (បូកបន្ថែមជនជាតិបារាំង ២នាក់ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២១ មីនា ២០២០)។
បើតាមការឲ្យដឹងពីក្រសួងសុខាភិបាល ពួកគាត់ទាំងនេះគឺជាភ្ញៀវទេសចរណ៍ មកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២០ និងគ្រោងត្រឡប់ទៅវិញនៅថ្ងៃទី២១ មីនា ឆ្នាំ២០២០។
ចំណែកបុរសជនជាតិខ្មែរ ០២នាក់ ដែលរកឃើញឆ្លងវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុដែរនោះ គឺម្នាក់មានអាយុ ៣៩ឆ្នាំ និងម្នាក់ទៀត អាយុ៣៣ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរណ៍ ឲ្យក្រុមទេសចរណ៍បារាំងមួយក្រុមនេះ។
បច្ចុប្បន្ន អ្នកទាំង ៣១នាក់ ដែលជាករណីវិជ្ជមានកូវីដ១៩ថ្មីនេះ ត្រូវបានដាក់ឲ្យនៅដោយឡែកក្នុងសណ្ឋាគារមួយ នៅខេត្តព្រះសីហនុ ដើម្បីព្យាបាល ហើយសណ្ឋាគារនោះត្រូវបានបិទបណ្ដោះអាសន្ន មិនឲ្យមានការចេញចូលឡើយ។
គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី២២ ខែមីនា ២០២០ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួនសរុប ៨៤នាក់ហើយ ក្នុងនេះ ស្រី ២២នាក់ ប្រុស ៦៣នាក់។ ក្នុង ៨៤ករណីនេះ មានការព្យាបាលជាសះស្បើយបាន ០២ករណី៕