នៅថ្ងៃទី១៩ ខែមីនា ខាងអាជ្ញាធរកម្ពុជា ដែលដឹកនាំដោយឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអាជ្ញាធរខេត្តស្វាយរៀង រួមជាមួយនឹងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានជួបប្រជុំជាមួយតំណាងប្រតិភូភាគីវៀតណាម ដើម្បីស្វែងរកដំណោះស្រាយសម្រួលដល់ការនាំចេញនាំចូលទំនិញតាមច្រកព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កិច្ចប្រជុំទ្វេភាគីនេះ បានឯកភាពគ្នា សម្រេចអនុវត្តដំណោះស្រាយចំពោះមុខ ចំនួន ០៤ ចំណុច រួមមាន៖
- ទី១, អនុញ្ញាតឲ្យរថយន្ដដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ
- ទី២, អនុញ្ញាតឲ្យរថយន្ដដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្ដោង
- ទី៣, អនុញ្ញាតឲ្យរថយន្ដដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតឺន័រ ពីរថយន្ដភាគីម្ខាង ទៅដាក់លើរថយន្ដភាគីម្ខាងទៀត
- និងទី៤ អនុញ្ញាតឲ្យរថយន្ដដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយ នៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឲ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្ដាឡីស័ក និងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជាជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រុយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។
បើតាមការគូសបញ្ជាក់របស់គយកម្ពុជា សម្រាប់ដំណោះស្រាយទាំង៤ចំណុចខាងលើនេះ គឺធុរជនអាចជ្រើសយកជម្រើសដំណោះស្រាយណាមួយក៏បាន ដែលល្អសម្រាប់ពួកគេ ដោយអនុវត្តតាមវិធានការពារដែលណែនាំដោយចត្តាឡីស័ក។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានឲ្យដឹងថា ក្រោយពីប្រជុំចប់ភ្លាមរវាងភាគីកម្ពុជា និងវៀតណាម នៅម៉ោងប្រហែល ៥កន្លះល្ងាច នៅថ្ងៃទី១៩ មីនា គឺច្រកព្រំដែន ត្រូវបានបើកឲ្យអនុវត្តក្នុងការដឹកជញ្ជូនទំនិញចេញចូលភ្លាមៗ រហូតដល់ម៉ោង១០យប់ ដើម្បីសម្រួលដល់ការកកស្ទះនៅតាមព្រំដែន ដែលបានអូសបន្លាយមកអស់រយៈពេលជិត ៤០ម៉ោងមកហើយនោះ។
លោក ចន្ធី បន្ថែមទៀតថា អំឡុងរយៈពេលជាប់គាំងនេះ យ៉ាងហោចណាស់ មានកុងតឺន័រមិនតិចជាង ៥០០កុងតឺន័រទេ ដែលត្រូវបានជាប់គាំងនៅតាមព្រំដែន ពោលគឺមានប្រមាណ ៣០០កុងតឺន័រ គឺស្ទះនៅខាងព្រំដែនវៀតណាម និងប្រមាណជាង ២០០ កុងតឺន័រទៀត ជាប់នៅខាងព្រំដែនកម្ពុជា។
បើតាមប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជារូបនេះ លោកយល់ថា ដំណោះស្រាយដែលបានដាក់ចេញ៤ ចំណុចខាងលើនេះ គឺជាដំណោះស្រាយបឋមមួយដ៏ល្អ សម្រាប់បណ្ដោះការជាប់គាំងទំនិញតាមព្រំដែននៃប្រទេសទាំងពីរ។
ការកកស្ទះទំនិញនៅតាមព្រំដែនកម្ពុជានិងវៀតណាមនេះ គឺបានកើតឡើងក្រោយពីវៀតណាមបានសម្រេចដាក់វិធានការតឹងរ៉ឹង ដោយតម្រូវឲ្យអ្នកដំណើរដែលធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម ត្រូវតម្រូវដាក់ឲ្យនៅដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ ថ្ងៃ ព្រោះខ្លាចមានផ្ទុកមេរោគ Covid-19។
ក្រោយពីវៀតណាមបានចេញវិធានការនេះភ្លាមៗនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញវិធានការស្រដៀងគ្នានេះដែរ ដោយបានហាមឃាត់ជនជាតិវៀតណាមមិនឲ្យចូលទឹកដីកម្ពុជា ចាប់ពីម៉ោង ២៣៖ ៥៩ នាទី យប់ថ្ងៃទី២០ ខែមីនាតទៅ។ បើទោះបីជាវិធានការទាំងពីរខាងលើនេះ ផ្ដោតការរឹតត្បិតតែការធ្វើដំណើររបស់មនុស្ស ដោយមិនផ្ដោតលើមុខទំនិញចេញចូលក៏ដោយ ប៉ុន្ដែ វាបានប៉ះពាល់ដល់ការនាំចេញទំនិញចេញចូលតាមព្រំដែន ព្រោះថា មនុស្សគឺជាអ្នកដឹកជញ្ជូនទំនិញ។ ដូច្នេះហើយ ទើបភាគីទាំងពីរបានប្រជុំដោះស្រាយដាក់ចេញនូវដំណោះស្រាយទាំង៤ចំណុច ដូចដែលបានរៀបរាប់ខាងដើមនេះ៕