លោកស្រី សេន ចិន្តា បានដឹងលទ្ធផលថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ តាំងពីថ្ងៃទី១២ មីនា មកម្ល៉េះ ខណៈសមាជិកគ្រួសារ ៣រូបទៀតរបស់លោកស្រី កំពុងរង់ចាំលទ្ធផល ដែលក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ក្រោយដឹងថាលោកស្រីបានឆ្លងជំងឺនេះ ។ បច្ចុប្បន្ន តារាកំប្លែងរូបនេះ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ Intercontinental) ។
អ្នកសិល្បៈ ៤រូបផ្សេងទៀត ដែលបានឆ្លងជំងឺកូវីដ-១៩ រួមមាន តារាចម្រៀង ណុប បាយ៉ារិទ្ធ, លោកស្រី សុគន្ធ និសា, កញ្ញា វី ដាណែត និងពិធីការិនី កែវ ចាន់និមល។ ពួកគេទាំង៤រូប រួមជាមួយលោកស្រី អ៊ីត សុទ្ធសឹងជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
គិតត្រឹមព្រឹកថ្ងៃទី១៣ មីនា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១.២៦៤នាក់ ក្នុងនោះ អ្នកឆ្លងដែលពាក់ព័ន្ធនឹងសហគមន៍ ២០ កុម្ភៈ មានចំនួន ៧៥១នាក់។ មកទល់ពេលនេះ មានរាជធានីខេត្តចំនួន ១០ហើយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង ។
កាលពីថ្ងៃទី១១ មីនា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លើកដំបូងបង្អស់ ដោយកើតលើបុរសម្នាក់វ័យ៥០ឆ្នាំ ក្រោយផ្ទុកជំងឺនេះបានប្រមាណ១០ថ្ងៃ។ បច្ចុប្បន្ន កម្ពុជាមានចំនួនជំងឺចំនួន ៦៣៩នាក់ កំពុងបន្តសម្រាកព្យាបាល ៕