ក្រុមហ៊ុនធំៗទាំង៥ ដែលបានចាប់ដៃគ្នាលើការវិនិយោគអចលនទ្រព្យនោះ រួមមាន ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។ អនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំង៥នេះ បានធ្វើឡើងនៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co.,Ltd និងថ្នាក់ដឹកនាំក្រុមហ៊ុនសំខាន់ៗជាច្រើនរូបទៀតផងដែរ។
លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group) បានចាត់ទុកកិច្ចសហការនេះ ជាការផ្គុំកម្លាំងរួមគ្នាដ៏សំខាន់ជំរុញឱ្យមានការវិនិយោគទៅវិញទៅមក ដែលស្មារតីរួមគ្នានេះនឹងជួយពន្លឿនការិនិយោគនៅកម្ពុជា។
លោកថ្លែងថា៖ «នេះជាស្មារតីវិនិយោគរួមគ្នាមិនថាតិច ឬច្រើន។ យើងប្រឹងប្រែងធ្វើឱ្យពិតប្រាកដ ដើម្បីជាកម្លាំងចលករដល់ប្រទេសកម្ពុជា មានឱកាសរីកចម្រើនលឿនដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត។»
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានាពេលនេះ នឹងក្លាយជាការត្រូសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំងប្រាំក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាដែលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគនៅទីនោះ។ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេស កាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោក Jerry Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់ ។
ជាមួយគ្នានេះ លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។
លោក វ៉ា វីរៈថ្លែងថា៖ «ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។ លោកបន្ថែមថា៖ «កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា។»
គួរបញ្ជាក់ថា ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕