តាមរយៈការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ ដែល ខេមបូណូមីស សូមសង្ខេបនូវរឿងរ៉ាវសំខាន់ៗចំនួន៥ ជុំវិញនឹងស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩ នៅក្នុងប្រទេសថៃ ថាតើប្រទេសថៃកំពុងជួបប្រឈមបញ្ហាអ្វីខ្លះ ហើយថៃកំពុងដោះស្រាយបញ្ហាទាំងអស់ដោយរបៀបណាខ្លះនៅពេលនេះ?
រឿងរ៉ាវសំខាន់ទី ១ គឺប្រទេសថៃនឹងអនុម័តឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលមានការបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់
រាជរដ្ឋាភិបាលថៃ បានប្រកាសថា នឹងអនុម័តលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងរួចរាល់នៅក្នុងប្រទេសថៃ អាចប្រើប្រាស់ឯកសារទាំងនោះ ដើម្បីចេញធ្វើដំណើរទៅក្រៅប្រទេសបាន។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា តាមអ្វីដែលបានបង្ហាញនៅក្នុងច្បាប់ចម្លងនៃទម្រង់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការវ៉ាក់សាំងនោះ ក៏មានភ្ជាប់ជាមួយបទបញ្ជារបស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងផងដែរ។
សម្រាប់ប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវទទួលស្គាល់សម្រាប់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះ ត្រូវតែជាវ៉ាក់សាំងដែលបានចុះបញ្ចីឲ្យមានប្រើប្រាស់នៅក្នុងប្រទេសថៃ ឬមួយវ៉ាក់សាំងដែលត្រូវបានផ្ដល់ការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
លិខិតឆ្លងដែន ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះ គឺត្រូវប្រើសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ មិនអាចប្រើជាក្រុមបានទេ។
រឿងរ៉ាវសំខាន់ទី២ គឺការធានារ៉ាប់រងកូវីដ-១៩ កំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ ពិសេសនៅចំពេលដែលមានការរីករាលដាលនៃរលកឆ្លងទី៣នេះ
ធានារ៉ាប់រងកូវីដ-១៩ ដែលបានដាក់ចេញកាលពីឆ្នាំមុននោះ កំពុងមានការពេញនិយមប្រើប្រាស់ខ្លាំងពីសំណាក់ពលរដ្ឋថៃ ពិសេសនៅពេលមានមានការឆ្លងរាលដាលខ្លាំង មនុស្សមានការព្រួយបារម្ភពីការឆ្លង និង ស្លាប់ដោយសារតែកូវីដ-១៩។
នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម TQM ដែលមានប្រតិបត្តិការលើសេវាធានារ៉ាប់រងនៅក្នុងប្រទេសថៃ បាននិយាយថា ចំនួនសរុបនៃកិច្ចសន្យាធានារ៉ាប់រងកូវីដ១៩ រួមទាំងអតិថិជនថ្មីៗ និងអតិថិជនបង់ធានារ៉ាប់រងបន្ដ តាមរយៈក្រុមហ៊ុននេះ នឹងកើនដល់ ១លានកិច្ចសន្យានៅចុងខែមេសានេះ។
បន្ទាប់ពីមានការផ្ទុះឆ្លងរីករាលដាលខ្លាំងថ្មីៗនេះ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង TQM បានលក់កញ្ចប់ធានារាប់រងកូវីដ១៩ បានចន្លោះពី ៣ម៉ឺន ទៅ៥ម៉ឺនកិច្ចសន្យា ក្នុងមួយថ្ងៃ។
យោងតាមការិយាល័យគណៈកម្មការធានារ៉ាប់រងរបស់ថៃ បានឲ្យដឹងថា ការទាមទារទឹកប្រាក់ធានារ៉ាប់រងកូវីដ-១៩ បានកើនឡើងជាង ៣លានដុល្លារអាមេរិក នៅខែមករា នឹងកើនដល់ជាង៥លានដុល្លារ នៅខែមីនា ដែលចំនួននេះ បានកើនឡើងខ្លាំងបំផុត ខណៈគិតត្រឹមចុងខែធ្នូឆ្នាំ២០២០ មានត្រឹមតែ២លានដុល្លារអាមេរិកប៉ុណ្ណោះ ។
រឿងរ៉ាវសំខាន់ទី៣ គឺគណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកាប្រមាណ ៩៦លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩
គម្រោងកញ្ចប់ថវិកានេះ ត្រូវបានគណៈរដ្ឋមន្ត្រីថៃអនុម័តកាលពីថ្ងៃអង្គារទី២ ខែមេសា ដែលអាចនឹងជួយឧបត្ថម្ភធនដល់ពលរដ្ឋប្រមាណ ៣លាន៤សែននាក់បន្ថែមទៀត ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ-១៩។ កន្លងមកមានពលរដ្ឋថៃប្រមាណជាង ៣១លាននាក់ហើយ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីរដ្ឋថៃ ក្រោមគម្រោងកញ្ចប់ថវិកាសរុបជាង ៦ពាន់៧រយលានដុល្លារ។
តាមរយៈសំណើកញ្ចប់ថវិកានេះ រដ្ឋាភិបាលថៃនឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភធនចំនួនជាង ២២៣ ដុល្លារអាមេរិកសម្រាប់ពលរដ្ឋម្នាក់ៗ ក្នុងការទិញម្ហូបអាហារភេសជ្ជៈ និងទំនិញចាំបាច់ផ្សេងទៀត។
រឿងរ៉ាវសំខាន់ទី ៤ ដែលប្រទេសថៃកំពុងធ្វើនៅពេលនេះដែរ គឺសណ្ឋាគារនៅក្នុងប្រទេសថៃ នឹងបិទទ្វារបណ្ដោះអាសន្ន ក្រោយទប់លែងជាប់នឹងការចំណាយ
ការកើនឡើងខ្លាំងនៃការផ្ទុះរីករាលដាលកូវីដ-១៩ កំពុងបង្ខំឲ្យម្ចាស់សណ្ឋាគារនៅក្នុងប្រទេសថៃពិចារណាបិទជាបណ្ដោះអាសន្ន ដោយសារតែប្រាក់ចំណូលខ្សត់ខ្សោយ ហើយតម្រូវការមានតិចពីភ្ញៀវទេសចរ។
ប្រធានសមាគសណ្ឋាគារថៃ បាននិយាយថា សណ្ឋាគារដែលមិនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ កំពុងជ្រើសរើសមធ្យោបាយបញ្ឈប់ប្រតិបត្តិការចាប់ពីខែមេសា ទៅដល់ខែតុលា ឬរហូតដល់មានតម្រូវការពីភ្ញៀវទេសរឡើងវិញ។
អ្នកជំនាញទេសចរណ៍ថៃ បានអះអាងទៀតថា បច្ចុប្បន្នមានបុគ្គលិកប្រមាណ ៤០ម៉ឺននាក់ប៉ុណ្ណោះ កំពុងបន្ដបម្រើការនៅក្នុងវិស័យទេសចរណ៍ ដែលជាកម្រិតទាបបំផុតគួរឲ្យកត់សម្គាល់បើធៀបនឹងប៉ុន្មានឆ្នាំមុន។
បើតាមការស្ទង់មតិលើសណ្ឋាគារជិត១៣០ក្នុងប្រទេសថៃ កាលពីក្នុងខែមីនាកន្លងទៅនេះ បានបង្ហាញថា ប្រាក់ចំណូលរបស់ពួកគេ នៅមិនទាន់បានត្រឡប់មកវិញនៅឡើយទេ ហើយមានប្រហែល៥០% នៃសណ្ឋាគារធំៗក្នុងស្រុកថៃ ក៏នៅមានប្រាក់ចំណូលប្រមាណតែ១០% ប៉ុណ្ណោះ នៃប្រាក់ចំណូលពីមុនដែលមិនទាន់មានកូវីដ-១៩ផ្ទុះរាលដាល។
ជាមួយគ្នានេះដែរ មានជាង ៤០% នៃសណ្ឋាគារដែលបានស្ទង់មតិ គឺបានសម្រេចចិត្តបញ្ឈប់ការងារបុគ្គលិក និងមានត្រឹមតែ ៦% ប៉ុណ្ណោះ ដែលភាគច្រើនជាសណ្ឋាគារលំដាប់ផ្ដាយ៥ គឺមានការជួលបុគ្គលិកបន្ថែមនៅអំឡុងពេលនេះ។ ដោយឡែក សណ្ឋាគារតូចៗវិញ គឺភាគច្រើនត្រូវប្រឈមនឹងការបិទទ្វារបណ្ដោះអាសន្ន ដោយសារតែទប់ទល់លែងជាប់នឹងវិបត្តិកូវីដ-១៩នេះ។
រឿងរ៉ាវសំខាន់ទី៥ ចុងក្រោយនេះ គឺថៃនឹងបញ្ជាទិញ វ៉ាក់សាំងកូវីដ-១៩ Pfizer ពីអាមេរិក ៥លានទៅ ១០លានដូស
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់នៅដើមសប្ដាហ៍នេះថា ប្រទេសថៃកំពុងចរចាទិញវ៉ាក់សាំងប្រភេទ Pifzer-BioNTech របស់អាមេរិក និង អាល្លឺម៉ង់ពី ៥លានដូស ទៅ ១០លានដូស ខណៈដែលវ៉ាក់សាំងចិន Sinovac និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ចំនួន ៦១លានដូសទៀត នឹងមកដល់ថៃ នៅក្នុងរយៈពេល ៩ខែខាងមុខនេះ។ ដោយសារតែ ប្រសិទ្ធភាពវ៉ាក់សាំងមានកំណត់ និង រលកឆ្លងទី៣ កំពុងហក់ឡើងខ្លាំង ថៃកំពុងព្យាយាមស្វែងរកការធ្វើពិពិធកម្មផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម។
បើនិយាយពីការចាក់វ៉ាក់សាំងឲ្យប្រជាជនវិញ ប្រទេសថៃហាក់នៅមិនទាន់ពន្លឿនកិច្ចប្រឹងប្រែងនេះនៅឡើយទេ ដោយគិតមកដល់ពេលនេះ មានប្រជាជនប្រមាណ ៥សែន ៧ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងដូសទីមួយ ។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចារ បានបញ្ជាក់ ថា រយៈពេលនៃការដឹកជញ្ជូនវ៉ាក់សាំង Pfizer-BioNTech មកដល់ប្រទេសថៃ ត្រូវបានគេដាក់គោលដៅនៅត្រឹមខែកក្កដា ឬ រហូតដល់ដាច់ឆ្នាំនេះ ។
សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ ប៉ុន្មានថ្ងៃមកនេះ នៅតែបន្ដមានតួលេខខ្ពស់ដដែល ប្រមាណជាង ១ពាន់នាក់ក្នុងមួយថ្ងៃ ខណៈដែលចំនួនអ្នកឆ្លងសរុបមានជាង ៤ម៉ឺន៦ពាន់នាក់ហើយ រីឯអ្នកស្លាប់វិញមានជាង១០០នាក់៕