មូលនិធិ ៥០ម៉ឺនដុល្លារអាមេរិកនេះ នឹងផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលគំនិតអាជីវកម្ម និងគំនិតផ្ដួចផ្ដើមបែបនវានុវត្តន៍ និងកម្មវិធីផ្ដល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកលក់ ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួនដែលលក់ផលិតផល និងសេវាកម្មទៅឲ្យអតិថិជននៅក្រៅប្រទេស តាមថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាននេះ ត្រូវបានប្រកាសចាប់ផ្ដើមអនុវត្តចំពេលជួនគ្នាជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ គម្រោងនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាបង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម ព្រមទាំងការបង្កើតការងារនៅកម្ពុជាផងដែរ។
តាមរយៈគម្រោងនេះ មានគោលដៅ នឹងបង្កើតការងារថ្មីឲ្យបានលើស១ម៉ឺនការងារនៅត្រឹមឆ្នាំ២០២២ ខាងមុខ។
លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃលេខាធិការដ្ឋានរបស់ EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានលើកឡើងដែរថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយដល់វិស័យ SME ជាច្រើន ដូចជាពង្រីកសក្ដានុពលសម្រាប់ផលិតផលខ្មែរទាំងក្រៅ និងក្នុងប្រទេស ធ្វើឲ្យអ្នកទិញមានភាពងាយស្រួល និងចំណេញពេលវេលា និងថវិកា ហើយវាក៏ជួយឲ្យសហគ្រាសផលិតងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យលក់ចេញ និងចូលយ៉ាងមានប្រសិទ្ធភាព។
ឧកញ៉ា តែ តាំងប៉ ដែលជាប្រធានសមាគម មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដែរនោះ ក៏បានបន្ថែមទៀតថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងវិស័យ SME មានស្ទុះកើនឡើងមួយកម្រិត ក្រោយពេលរាជរដ្ឋាភិបាលជំរុញបន្ថែមទៀតពីបច្ចេកវិទ្យា ៤.០។ យ៉ាងណាមិញ នៅឆ្នាំ២០២១ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ក៏នឹងបង្កើត App FASMEC ដើម្បីជួយលក់ផលិតផល SME ផងដែរ។
យ៉ាងណាក៏ដោយចុះ SME
នៅតែមានបញ្ហាប្រឈមច្រើនទាក់ទងនឹងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។
ពិសេសគឺបញ្ហាចំណេះដឹង របស់សហគ្រាស និងការចូលរួមរបស់សហគ្រាស។ សហគ្រាសមួយចំនួន
មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនោះទេ។ មួយវិញទៀត
គឺខ្វះការចូលរួម ដោយពួកគាត់គិតថា គាត់នៅប្រើប្រាស់របៀបលក់បែបគាត់ដដែលបាន មិនចាំបាច់ត្រូវប្រើបច្ចេកទេសអីច្រើននោះទេ
នាំតែចំណាយលុយច្រើន។ នេះបើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា តែ តាំងប៉។
វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងទសវត្សចុងក្រោយនេះ ហើយការគាំទ្របន្ថែមទាំងនេះ ត្រូវបានផ្ដល់ក្នុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានជំរុញឲ្យអាជីវកម្មកាន់តែច្រើនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបានចាត់ទុកថា មានតួនាទីសំខាន់ ដើម្បីឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានពេញលេញ ឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់កម្ពុជា៕