ស្នាដៃរបស់លោកតា សំរិទ្ធ មិនចាញ់ស្បែកជើង ដែលមានវត្តមាននៅលើទីផ្សារកម្ពុជាឡើយ។ លោកតាមានប្រសាសន៍ថា៖ «វាមិនលំបាកអីទេ ធ្វើពុម្ពហើយដុតធ្យូងសង្កត់ហើយយកប៊ិចគូសខ្វោកហើយកាត់តាមហ្នឹងទៅ វារួចបាត់ទៅហើយ។ ខ្ញុំកាត់ដោយដៃ អត់ប្រើម៉ាស៊ីនអីទេ ព្រោះបើប្រើម៉ាស៊ីន ត្រូវប្រើប្រេង នាំតែអស់លុយកាត់ដោយដៃរកតែកង់ឡានកាត់ស្ទើរមិនបានផង»។
ស្បែកជើងកង់ឡាន ពុំមានវត្តមាននៅលើនៅទីផ្សារឡើយ ទោះជាហាងទំនើបៗក្តី។ ទោះមហាសេដ្ឋី ឬឧកញ៉ា ដែលមានលុយច្រើនលានដុល្លារក៏ដោយ ក៏រកទិញស្បែកជើងកង់ឡានមិនបានដែរ ប្រសិនបើពុំបានស្គាល់លោកតា សំរិទ្ធ។
គេធ្លាប់តែឃើញស្បែកជើងកង់ឡានត្រូវបានគេពាក់ក្នុងរបបខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ ប៉ុន្តែ សម័យបច្ចុប្បន្ន ស្បែកជើងកង់ឡានមិនមែនមានតែក្នុងការិយាល័យលោកឧកញ៉ា ម៉ុង ឫទ្ធីនោះទេ។ វត្តមានស្បែកជើងកង់ឡានចាប់ផ្តើមមានច្រើននៅរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួនយូរហើយ គ្រាន់តែពលរដ្ឋខ្មែរជាច្រើនមិនទាន់បានដឹងប៉ុណ្ណោះ។
ទោះបីមានវ័យចាស់ណាស់ទៅហើយមែន តែលោកតាហាក់មានសុខភាពរឹងមាំនៅឡើយ។ ក្នុងមួយថ្ងៃៗ លោកតាជិះកង់ជាច្រើនគីឡូម៉ែត្រ ដើម្បីលក់ស្បែកជើងកង់ឡាន។
លោកតាប្រាប់ ខេមបូណូមីស ថា៖ «សម័យយើងឥឡូវ យើងដឹងស្រាប់ហើយ យើងមិនអាចពឹងកូន ១០០ភាគរយនោះទេ។ យើងនៅរកបាន ចេះតែរកទៅ»។
ក្នុងមួយខែ លោកតាត្រូវជិះកង់មកភ្នំពេញ ៣ ទៅ៤ដង ដោយស្នាក់នៅផ្ទះជួលជាមួយកូននៅក្បែរវត្តអង្គតាមិញ ជិតព្រលានយន្តហោះភ្នំពេញអន្តរជាតិ។ ក្នុងមួយជើង លោកតាអាចឌុបស្បែកជើងកង់ឡានបានពី ៦០ ទៅ ៧០គូ។ លោកតាអាចផលិតស្បែកជើងបានពី ២០ ទៅ ៣០គូ ក្នុងមួយថ្ងៃ។
ស្បែកជើងទាំងនេះ មិនមែនលោកតាធ្វើតែម្នាក់ឯងនោះទេ ប៉ុន្តែ កូនចៅរបស់លោកតាបានជួយធ្វើទាំងអស់គ្នា។ បច្ចុប្បន្ន លោកតាមានវ័យជរាហើយ ការផលិតស្បែកជើងទុកឲ្យកូនជាអ្នកធ្វើម្តង ចំណែកការដើរលក់ លោកតាជាអ្នករ៉ាប់រងការងារនេះ។
ស្បែកជើងកង់ឡាន បានរចនាម៉ូដជាច្រើនប្រភេទ ដូចជា ស្បែងជើងផ្ទាត់ និងស្បែកជើងស៊កជាដើម។ ក្នុងមួយគូ លោកតាលក់ក្នុងតម្លៃពី ១៥.០០០រៀល ទៅ ២០.០០០រៀល។ ផ្ទះនៅខេត្តតាកែវ តែលោកតាជិះកង់ដើរលក់នៅភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ និងដល់ខេត្តព្រៃវែងទៀតផង។
កំពុងផ្តល់បទសម្ភាសន៍ជាមួយ ខេមបូណូមីស ក៏មានអតិថិជនហៅ (Call) មក ដើម្បីឲ្យលោកតាជិះកង់យកស្បែកជើងដែលគេបានកម៉្មង់ទៅគេហដ្ឋានរបស់គេ ខណៈនៅក្បែរកង់លោកតា មានចាស់ៗដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ បានឈប់ទិញស្បែកជើងរបស់លោកតាជាបន្តបន្ទាប់។
លោកតាមានអតិថិជនជាប្រចាំ(ម៉ូយ) ដែលចាំទិញពេលលោកតាផលិតស្បែកជើងបាន។ លោកតាប្រាប់ថា មានម៉ូយមួយចំនួននៅភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ដោយខ្លះយកច្រើនរហូតម្តង ៥០គូក៏មានដែរ ព្រោះម៉ូយនោះ គេយកទៅលក់បន្តទៀត។ ចំណែក អតិថិជនខ្លះទៀត ពួកគេទិញគ្រាន់តែសម្រាប់ខ្លួនឯង និងផ្ញើឲ្យសមាជិកគ្រួសារជាដើម។
លោកតាបញ្ជាក់ថា៖ «រាល់ថ្ងៃ តាធ្វើស្បែកជើងឲ្យគេមិនទាន់ទេ ព្រោះជួនកាល រកកង់ឡានមិនបាន ព្រោះត្រូវកុម៉្មង់គេមកពីភ្នំពេញ ឬមកពីប្រទេសថៃដែលល្អៗ ព្រោះ តាមិននិយាយពីតម្លៃទេ តានិយាយពីគុណភាព។ នេះនែ៎ តាពាក់បីបួនឆ្នាំហើយអាចៅ»៕ បើលោកអ្នកចាប់អារម្មណ៍ចង់ទិញស្បែកជើងកង់ឡានរបស់លោកតា អ៊ុន សំរិទ្ធ អាចទំនាក់ទំនងលេខទូរស័ព្ទលោកតា អ៊ុន សំរិទ្ធ៖ ០៩៦ ៦៩២ ៥៧៦២!!!