បន្ទាប់ពីបានលើកពេលបោះឆ្នោតកាលពីសប្ដាហ៍មុន ដោយសារតែបញ្ហាបញ្ហាកូវីដ-១៩រាតត្បាត នៅទីបំផុតនៅថ្ងៃទី១៩ ខែឧសភា ការបោះឆ្នោតអនុម័តលើជោគវាសនារបស់ក្រុមហ៊ុន Thai Airways សម្រេចធ្វើរួចរាល់ហើយ ដោយម្ចាស់បំណុលបានអនុម័តឲ្យក្រុមហ៊ុននេះបន្ដរៀបចំរចនាសម្ព័ន្ធផែនការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ ដោយមិនបានបោះឆ្នោតឲ្យប្រកាសក្ស័យធននោះទេ។
តាមប្រភពព័ត៌មានពីទីប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានគូសបញ្ជាក់ទៀតថា មាន៩០% នៃម្ចាស់បំណុលបានសម្រេចបោះឆ្នោតអនុម័ត ឲ្យក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធផែនការអាជីវកម្មឡើងវិញ ហើយតុលាការនឹងត្រូវការពិនិត្យមើលផែនការនេះ នៅថ្ងៃទី ២៨ខែឧសភា។
តាមតាមប្រភពព័ត៌មាន បាងកកប៉ុស្ដិ៍ ដែលបានចុះផ្សាយនាពេលកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ថៃមួយនេះមានជំពាក់បំណុលក្រុមហ៊ុនជាង១ម៉ឺន៣ពាន់ក្រុមហ៊ុនផ្សេងៗគ្នា ដែលគិតជាទឹកប្រាក់មានដល់ទៅ ជាង១៣ពាន់លានដុល្លារអាមេរិកឯណោះ។
នៅមុនប៉ុន្មានថ្ងៃ នៃការបោះឆ្នោតអនុម័តពីសំណាក់ម្ចាស់បំណុលរបស់ក្រុមហ៊ុន Thai Airways ក៏មានព័ត៌មានលេចលឺថា រាជរដ្ឋាភិបាលថៃ នឹងទិញយកចំណែកភាគហ៊ុនពីក្រុមហ៊ុន Thai Airways នេះ ដែលគេសង្ឃឹមខ្ពស់ថា នឹងជួយឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ នឹងក្លាយជាក្រុមហ៊ុនមានឋានៈជាសហគ្រារដ្ឋម្ដងទៀត។ ប៉ុន្ដែ ក្រោយមកនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានចេញមុខមកប្រកាសរុញច្រានចោលចំពោះរឿងនេះ ដោយលោកអះអាងថា រាជរដ្ឋាភិបាលថៃនឹងមិនលូកដៃចូលក្នុងរឿងរបស់ក្រុមហ៊ុន Thai Airways ទៀតនោះទេ ពិសេសនៅអំឡុងពេលស្ដារនីតិសម្បទានអាជីវកម្មរបស់ក្រុមហ៊ុននេះតែម្ដង។
គួរបញ្ជាក់ថា ការផុងខ្លួនចូលអន្ទាក់បំណុលកប់យ៉ាងជ្រៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ មិនមែនទើបតែកើតឡើងនៅអំឡុងពេលកូវីដ-១៩នោះទេ ពោលគឺក្រុមហ៊ុននេះ ជួបញ្ហាបំណុលតាំងតែពីមុនកូវីដ-១៩ទៅទៀត ដោយសារតែប្រតិបត្តិអាជីវកម្ម និងប្រាក់ចំណូលធ្លាក់ចុះខ្លាំង រួមទាំងបញ្ហារួមផ្សំជាច្រើនទៀត។
ក្រៅតែក្រុមហ៊ុន Thai Airways គេសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍ថៃជាច្រើនផ្សេងទៀត បាននិងកំពុងដុនដាបកាន់តែខ្លាំងដូចគ្នា។ ជាក់ស្តែង ថ្មីៗនេះ សមាគមអាកាសចរណ៍ថៃ ដែលមានសមាជិកក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងជំរុញការស្នើសុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចារ ដើម្បីស្នើ រដ្ឋឲ្យជួយទម្លាក់ប្រាក់កម្ចី ដែលមានការប្រាក់ទាប សម្រាប់ពួកគេ ដើម្បីអាចមានលទ្ធភាពបន្ដដង្ហើមរស់តទៅមុខទៀតបាន៕