
ស្នងការរងប៉ូលិសក្រុងហាណូយលោក ង្វៀន ថាញ់ ទុង (Nguyen Thanh Tung) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី បួយ ធី ហូរអាយ អាញ់ អាយុ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ថា សាខាថាញ់សួនរបស់ធនាគារ MSB នៅក្នុងរដ្ឋធានីហាណូយ«ទទួលបានទ្រព្យសម្បត្តិដោយការក្លែងបន្លំ»។
កាលពីខែតុលា ឆ្នាំ២០២៣ ប៉ូលិសទីក្រុងហាណូយបានទទួលរបាយការណ៍ពីអ្នកខាងក្នុងធនាគារ MSB ថា លោកស្រី អាញ់ «មានសញ្ញា»ពីការលួចលុយចំនួនជិត៧លានដុល្លារពីអតិថិជន។ ការស៊ើបអង្កេតមួយបានបង្ហាញថា លោកស្រី អាញ់ អាចត្រូវបានកាត់ទោសពីបទលួចលុយសរុបចំនួនជាង១៣លានដុល្លារពីអតិថិជនចំនួន៨នាក់នៅសាខាធនាគារនេះ។
អាជ្ញាធរមិនទាន់បានប្រកាសពីបញ្ជីឈ្មោះដែលគេចោទថា ជាអ្នកសមគំនិតជាមួយនឹងលោកស្រី អាញ់ នៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរកំពុងផ្តោតលើការប្រមូលយកទ្រព្យសម្បត្តិដ៏គួរឱ្យសង្ស័យ ដើម្បីប្រគល់ឱ្យជនរងគ្រោះវិញ៕
អត្ថបទ៖ សុខ ជា