ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានច្រានចោលចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីថាមពលលោក គ្រីស រ៉ាយ ដែលព្យាករថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងមិនអាចធ្លាក់ចុះមកក្រោម៣ដុល្លារក្នុង១ហ្គាឡុងឡើយនៅឆ្នាំ២០២៦ នេះ។ ទន្ទឹមនឹងចាត់ទុកការលើកឡើងរបស់មន្ត្រីជំនាញរបស់ខ្លួនថាខុសទាំងស្រុង លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Hill ថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងធ្លាក់ចុះភ្លាមៗនៅពេលសង្គ្រាមនៅអ៊ីរ៉ង់បានបញ្ចប់។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN មកដល់ពេលនេះលោក ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋកំពុងរងសម្ពាធយ៉ាងខ្លាំងពីមហាជន ស្របពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងចូលមកដល់នៅខែវិច្ឆិកា ខាងមុខនេះ។ ដោយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនៅតែខ្ពស់ អតិផរណាកំពុងកើនឡើងដោយខុសទាំងស្រុងពីកា រសន្យារបស់លោកត្រាំ ។
កាលពីឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាម៉េរិកមានតម្លៃ៣,១៥ដុល្លារក្នុង១ហ្គាឡុង ប៉ុន្តែក្រោយផ្ទុះសង្រ្គាមនៅអ៊ីរ៉ង់ តម្លៃប្រេងឥន្ធនៈបានហក់ឡើងជាបន្តបន្ទាប់ ដោយនៅដើមសប្តាហ៍នេះបានឡើងដល់៤,០៤ដុល្លារក្នុង១ហ្គាឡុង។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះបានរុញច្រានអតិផរណាឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យតម្លៃទំនិញសព្វសារពើចាប់ពីគ្រឿងទេស ជីកសិកម្ម រហូតដល់សំបុត្រយន្តហោះ និងតម្លៃលំនៅឋានកើនឡើងព្រមៗគ្នា។
យ៉ាងណាមិញ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានព្យាករថា តម្លៃប្រេងនឹងធ្លាក់ចុះមកត្រឹម៣ដុល្លារនៅរដូវក្តៅនេះ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជារឿងពិបាកទៅរួច ដោយសារពន្លឺនៃសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ នៅតែមានភាពស្រពេចស្រពិល ជាពិសេសបន្ទាប់ពីអាម៉េរិក បានឃាត់នាវាដឹកទំនិញអ៊ីរ៉ង់ និងការប្រកាសបិទច្រកសមុទ្រហ័រមូសឡើងវិញពីសំណាក់ទីក្រុងតេអេរ៉ង់ ដែលធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ៕
ដោយៈ សរ សុជាតិ