ក្រុមនិស្សិតចំនួនជាង ១២០នាក់ មកពីសាកលវិទ្យាល័យធំៗ៣នៅកម្ពុជារួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យវេស្ទើនបានមកធ្វើទស្សនកិច្ចសិក្សានៅអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ដើម្បីស្វែងយល់ពីដំណើរផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល ក៏ដូចជាស្វែងយល់ពីការធ្វើអាជីកម្មក្នុងវិស័យសារព័ត៌មាន។ លើសពីនេះដំណើរទស្សនៈកិច្ចនេះ ក៏ដើម្បីស្វែងយល់ពីពីគន្លឺះនៃការមើលព័ត៌មានពិត និងព័ត៌មានក្លែង ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅលើបណ្តាញសង្គមនានាផងដែរ។
នៅក្នុងឱកាសនោះលោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃសារព័ត៌មានឌីជីថល ខេមបូណូមីស បានធ្វើការចែករំលែកនូវបទពិសោធន៍ និងសារៈសំខាន់នៃវិស័យសារព័ត៌មានក្នុងការចូលរួមចំណែកដ៏សំខាន់ដើម្បីជួយអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងការចែករំលែកបទពិសោធន៍ នៃការប្រមូលព័ត៌មាន សរសេរព័ត៌មានចុះផ្សាយនៅក្នុងសម័យឌីជីថល អ្នកជំនាញចាស់វស្សាក្នុងវិស័យសារព័ត៌មានរូបនេះ ក៏បានរម្លេចពីរបៀបសិក្សាឈ្វេងយល់មើលព័ត៌មានពិត និង ព័ត៌មានក្លែងក្លាយដល់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យធំៗទាំងបីនោះផងដែរ។ សម្រាប់លោក ស៊ឺន សាយ មានតែការចុះផ្សាយព័ត៌មានពិត ច្បាស់លាស់ និងមានវិជ្ជាជីវៈច្បាស់លាស់នោះទេ គឺជាថ្នាំបន្សាបដ៏មានប្រសិទ្ធភាពក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ដែលតែងតែកើតមានឡើងជារឿយៗនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះលោក ឈុន សេងហាក់ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យវេស្ទើន និងជាអ្នកដឹកនាំនិស្សិតក្នុងដំណើរទស្សនកិច្ចខាងលើបានគូសបញ្ជាក់ថា គោលបំណងនៃការដឹកនាំក្រុមនិស្សិតមកទស្សនកិច្ចសិក្សានៅអង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីសនេះ គឺដើម្បីឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីដំណើរការផ្សព្វផ្សាយព័ត៌មានក្នុងយុគ្គសម័យឌីជីថលនាពេលបច្ចុប្បន្ន និងសារៈសំខាន់នៃការទទួលបានព័ត៌មានពិត។ សម្រាប់លោកសាស្ត្រាចារ្យរួបនេះ វិស័យសារព័ត៌មានបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្សនិស្សិត និងសាធារណៈជនទាំងអស់ តាមរយៈការទទួលបាននូវព័ត៌មាន ដែលអាចធ្វើឲ្យពួកគេចេះវិភាគ ថ្លឹងថ្លែងពីបញ្ហាដែលកំពុងកើត និងអាចកើតមាននាពេលខាងមុខ។ លើសពីនេះលោកបានចាត់ទុកព័ត៌មានប្រៀបបានជាដើមទុនក្នុងការសិក្សារៀនសូត្រ សម្រាប់អភិវឌ្ឍជីវិតរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មរបស់សិស្សនិស្សិត និងប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ ឧកញ៉ា ចេង ខេង ប្រធានអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល ក៏បានចូលរួមធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗនៅក្នុងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យយុវជនខិតខំក្នុងការក្រេបជញ្ជក់ចំណេះដឹងទាំងនៅក្នុងសាលា និងក្រៅសាលា ដើម្បីទទួលបានបទពិសោធន៍ល្អៗសម្រាប់ឈានទៅរកភាពជោគជ័យនៅក្នុងអាជីព និងជីវិតផងដែរ។
ក្រោយពីបានទស្សនកិច្ចសិក្សារួចមក ក្រុមនិស្សិតមកពីសាកលវិទ្យាល័យធំៗទាំង៣ បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលថ្នាក់ដឹកនាំរបស់អង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីស អនុញ្ញាតិឱ្យពួកគាត់បានមកសិក្សាឈ្វេងយល់កាន់តែច្បាស់អំពីសារសំខាន់នៃការផ្សព្វផ្សាយព័ត៌មានដែលមានវិជ្ជាជីវៈ និងព័ត៌មានពិតច្បាស់លាស់។ ក្រុមនិស្សិតទាំងនេះ ក៏បានបញ្ជាក់ដែរថា វិស័យសារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ និងសាធារណជនផ្សេងទៀត ដោយបាននូវចំណេះដឹងកាន់តែទំលំទូលាយទាំងព័ត៌មាននៅក្នុងស្រុក និងពិភពលោក។
សូមបញ្ជាក់ថា កន្លងមកសារព័ត៌មានឌីជីថលខេមបូណូមីស ក៏បានទទួលដំណើរទស្សនកិច្ចពីសំណាក់អង្គការ ស្ថាប័នអន្តរជាតិមួយចំនួនផងដែរ ក្នុងគោលបំណងឈ្វេងយល់អំពីការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យឌីជីថល៕