ខ្សែវីដេអូបទបង្ហាញប្រមាណ១នាទី ដែលលោកស្រី អ៊ូឌ្រី តាំង ថ្នាក់ដឹកនាំកោះតៃវ៉ាន់ បានបង្ហាញនៅអំឡុងពេលកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ត្រូវបានក្រុមការងារសេតវិមានកាត់ចេញ នឹងដាក់ជំនួសតែរូបរលកសម្លេងវិញ ក្រោយមានការព្រួយបារម្ភពីរូបផែនទី ដែលបង្ហាញទឹកដីចិន និងកោះតៃវ៉ាន់ ក្នុងរូបភាពពណ៌សម្គាល់ពីរផ្សេងគ្នា។ ក្រុមការងាររៀបចំកិច្ចប្រជុំធ្វើដូចនេះ គឺធ្វើទៅតាមការបញ្ជាពីមន្ត្រីជាន់ខ្ពស់នៅសេតវិមានអាមេរិក។ ដ្បិតថា សេតវិមានទំនងជាព្រួយបារម្ភថា ការកំណត់ពណ៌ខុសគ្នានៅលើផែនទីរបស់ប្រទេសចិន និងកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូល អាចត្រូវបានគេមើលឃើញថា ជាការមួយចម្លែក ហើយអាចចោទប្រកាន់អាមេរិកថា ប្រាស់ចាកពីគោលការណ៍ចិនតែមួយ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យ៉ាងណាមិញ ក្រសួងការបរទេសអាមេរិក បានចេញមកបកស្រាយបញ្ហានេះថា ជាការភ័នច្រឡំផ្នែកបច្ចេកទេសប៉ុណ្ណោះ។ ដោយឡែក លោកស្រី អ៊ូឌ្រី តាំង មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បានប្រាប់រ៉យទ័រដែរថា លោកស្រីមិនជឿថា អាមេរិកមានចេតនាជំនួសវីដេអូ លោកស្រីនោះទេ ដោយលោកស្រីបានបន្ទោសរឿងនេះ ទៅលើបញ្ហាបច្ចេកទេស។
គួរជម្រាបថា កិច្ចប្រជុំដែលមិនបានអញ្ជើញចិនដីគោក ហើយបែរជាទៅអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមជំនួសវិញនោះ បានរងការរិះគន់យ៉ាងចាស់ដៃរួចទៅហើយ ពីសំណាក់ក្រុងប៉េកាំង។ នៅមុន កិច្ចប្រជុំ ចិនបានចេញសេចក្តីថ្លែងការណ៍ជាច្រើនរិះគន់កិច្ចប្រជុំរបស់អាមេរិកថា កំពុងបែងចែកបក្សពួក និងព្យាយាមគូសបន្ទាត់មនោគមន៍វិជ្ជានយោបាយជាថ្មី។ រីឯនៅក្រោយកិច្ចប្រជុំវិញ ក្រសួងការបរទេសចិន ថែមទាំងបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកប្រជាធិបតេយ្យអាមេរិកជាអាវុធប្រល័យលោក និងចោទអាមេរិកថា បានយកប្រជាធិបតេយ្យមកលូកលាន់កិច្ចការផ្ទៃក្នុ្ងប្រទេសដទៃថែមទៀតផង៕