សណ្ឋាគារ Novotel ចំនួនពីរសាខា សាខាទី១ មានទីតាំងក្នុងទីក្រុងភ្នំពេញ និងមួយទៀត នៅក្រុងព្រះសីហនុ និងសណា្ឋគារ Ibis Style នៅសៀមរាប ដែលមានសរុបទាំងបីសណ្ឋាគារ មានចំនួនបន្ទប់សរុប ប្រមាណជាង ៦០០បន្ទប់ ហើយ រំពឹងថា នឹងបើកឲ្យដំណើរការនៅឆ្នាំក្រោយនេះហើយ។
លោក Patrick Basset ប្រធាននាយកប្រតិបត្តិនៃ AccorHotels Upper Southeast & Northeast Asia និង the Maldives បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមានទំនុកលើវិស័យសណ្ឋាគារ និង បដិសណ្ឋារកិច្ចនៅកម្ពុជា ដោយសារតែលោកមើលឃើញពីសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ និងមានទីតាំងល្អស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន។
លោកបានបញ្ជាក់ថា ការបង្កើតសណ្ឋាគារបន្ថែមចំនួនបីទៀតរបស់ ក្រុមហ៊ុន AccorHotels គឺដើម្បីបំពេញចន្លោះបន្ថែមពីលើទីផ្សារសណ្ឋាគារប្រណីតៗរបស់ខ្លូន ដែលមានស្រាប់នៅកម្ពុជា។
សូមជម្រាបដែរថា ក្រៅពីសណ្ឋាគារដែលគ្រោងនឹងសាងសង់ថ្មីនេះ ដែលវិនិយោគដោយក្រុមហ៊ុន AccorHotels សណ្ឋាគារប្រណីតៗលំដាប់ខ្ពស់ជាច្រើនទៀត ក៏បាននិងកំពុងសាងសង់នៅកម្ពុជាផងដែរ តួយ៉ាង សណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិ ហ្រ្គីនលែន ផ្លាទីនីម ដែលគ្រប់គ្រងដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន។ ហើយគម្រោងសណ្ឋាគារនេះ នឹងត្រូវសាងសង់ឡើងនៅលើអគារដ៏ធំស្កឹមស្កៃ នៃគម្រោង ឌីអាយ រីវើរ៉ា (D.I. Riviera)។
សណ្ឋាគារ Marriot របស់អាមេរិក ដែលបានបោះទុនរាប់រយលានដុល្លារ និងកំពុងសាងសង់នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលត្រៀមនឹងរួចរាល់នៅចុងឆ្នាំនេះ ហើយគ្រោងទៅបន្តសាងសង់នៅខេត្តព្រះសីហនុ នៅឆ្នាំបន្ទាប់ទៀត។
ជាមួយគ្នានេះ សណ្ឋាគារនិងរមណីយដ្ឋាន Rosewood ដែលមានទីតាំងនៅលើកំពូលនៃអគារវឌ្ឍនៈ ក៏នឹងបើកដំណើរការជាផ្លូវការឆាប់ៗខាងមុខនេះផងដែរ ហើយបើតាមគេហទំព័រផ្លូវការរបស់សណ្ឋាគារមួយនេះ ក៏មានគម្រោងនឹងបើកសាខារបស់ខ្លួនថ្មីមួយទៀត នៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ខាងមុខ។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៦ កម្ពុជាមានសណ្ឋាគារសរុបចំនួន ៦៤៧កន្លែង ស្មើនឹងជាង ៣ម៉ឺន ៦ពាន់ ២៣៦បន្ទប់។
ក្រុមហ៊ុនសណ្ឋាគារ AccorHotels គឺជាក្រុមហ៊ុនអន្តរជាតិដែលគ្រប់គ្រងផ្លាកយីហោសណ្ឋាគារចំនួន២០ និងមានសណ្ឋាគារសរុបប្រមាណ ៤១៩៥សណ្ឋាគារ នៅក្នុង ៩៥ប្រទេស និង មានចំនួនបន្ទប់សរុបជិត ៦០ម៉ឺនបន្ទប់។
ចំណែកឯនៅកម្ពុជាវិញ AccorHotels គ្រប់គ្រងផ្លាកយីហោសណ្ឋាគារប្រណីត Sofitel, Raffles និងផ្លាកយីហោសណ្ឋាគារថ្មីចំនួនពីរទៀត Novotel និង Ibiz style នៅឆ្នាំក្រោយ ដែលនឹងមានសណ្ឋាគារសរុបចំនួន៧ ដែលមានជាង ១៣០០បន្ទប់៕