ធនាគារ​ អេស៊ីលីដា ឡើងផ្សារ​ហ៊ុន​កម្ពុជា

វត្តមាន​ធនាគារ​អេស៊ីលីដា បាន​បំបែក​ឯតទគ្គកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា


បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា បាន​សម្រេច​ឈាន​ជើង​ទៅ​គោះជួង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជាផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​រួចមក គេ​ឃើញ​ថា មាន​​បម្រែ​បម្រួល​ចរន្ត​ជួញដូរ​ភាគហ៊ុន​ធំៗ​ជាច្រើន បាន​កើតមាន​ឡើង​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​កម្ពុជា ដោយ​ក្នុង​នោះ ទំហំ​ទឹក​ប្រាក់​នៃ​ការជួញដូរ​ភាគហ៊ុន កើន​ដល់​ខ្ទង់​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា ដែលនេះ​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​​​ឡើយ​ នៅក្នុងទីផ្សារ​មូលបត្រ​កម្ពុជា​នៅក្នុងរយៈពេលជិត​១០​ឆ្នាំ​កន្លង​មកនេះ។
វត្តមាន​ធនាគារ​អេស៊ីលីដា បាន​បំបែក​ឯតទគ្គកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា។

បួន​ថ្ងៃ​កន្លង​មក​នេះ តម្លៃ​ភាគហ៊ុន​របស់​អេស៊ីលីដា​កើន​ដល់​កម្រិត​អតិបរមា ខណៈ​ការចាប់​អារម្មណ៍​មក​លើ​ផ្សារ​មូលបត្រ​ពី​សំណាក់​វិនិយោគិន​និង​សាធារណជន​កាន់តែ​មាន​ការកើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

ជាក់ស្តែង នៅថ្ងៃទី​២៨ ឧសភា នៅពេល​បិទ​ការជួញដូរ ឃើញ​ថា ទំហំ​នៃ​ការទិញ​លក់​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា មាន​ចំនួន ២៤​ម៉ឺន​ហ៊ុន ក្នុង​តម្លៃ ១ភាគហ៊ុន ២១,៥៥០រៀល ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត ៥ពាន់​លានរៀល ស្មើនឹង​ប្រមាណ​ជាង ១លាន​២សែន​ដុល្លារ​អាមេរិក។ ប្រហាក់ប្រហែល​គ្នា​ទៅនឹង​ថ្ងៃទី២៧ ខែឧសភា ម្សិលមិញ ទំហំ​នៃ​ការទិញលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា មានទំហំទឹកប្រាក់ជាង ៥ពាន់ ១០០លានរៀល ស្មើនឹងប្រមាណ ១លាន៣សែនដុល្លារអាមេរិក។

ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសនោះ គ្រាន់តែទំហំនៃការជួរដូរភាគហ៊ុនរបស់​ធនាគារ អេស៊ីលីដា តែមួយប៉ុណ្ណោះ ត្រូវបានទិញលក់ចំនួន ២៥ម៉ឺនហ៊ុន ក្នុងតម្លៃ ១ហ៊ុន ១៩៦០០រៀល ដែលមានទឹកប្រាក់សរុបជាង ៤ពាន់ ៨រយលានរៀល វាស្មើនឹងប្រមាណជាង ១លាន ២សែនដុល្លារអាមេរិក​ទៅហើយ ខណៈ ការជួញដូរភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី ៥ផ្សេងទៀត សម្រេច​បាន​ទំហំ​ទឹក​ប្រាក់​ជួញដូរ​ប្រមាណជាង ៣រយលាន​រៀល ស្មើនឹង​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។


ទស្សនាវីដេអូ​សេចក្ដីរាយការណ៍ អំពីការឡើងផ្សារហ៊ុនជាផ្លូវការរបស់ ធនាគារ អេស៊ីលីដា


នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា វត្តមាន​របស់​ធនាគារ​អេស៊ីលីដា​នៅលើ​វិថី​ផ្សារ​មូលបត្រ​កម្ពុជា​ពិត​ជា​មេ​ដែក​ឆក់ និង​បាន​បំបែក​ឯតទគ្គកម្ម​ភាព​ស្ងប់ស្ងាត់​របស់​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​អស់​កាល​ជិត​១០​ឆ្នាំ​កន្លង​មកនេះ ឲ្យក្លាយ​ជា​ទីផ្សារ​ដ៏​មាន​សកម្មភាព​រស់​រវើក​ជាមួយនឹង​ការទាក់ទាញ​សាធារណជន​ដែល​ជា​អ្នក​វិនិយោគ ឲ្យ​ចាប់​អារម្មណ៍​វិនិយោគ​នៅ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​កាន់តែ​ខ្លាំង។

ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​គូស​បញ្ជាក់ថា ការចុះបញ្ជី​នៅ​លើ​ផ្សារ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា គឺ​ខុសពី​ការចុះ​បញ្ជី​របស់​ក្រុមហ៊ុន​ដទៃ ដោយ​មាន​លក្ខណៈ​ពិសេស​ជាច្រើន ក្នុង​នោះ​ទំហំនៃ​ការជួញដូរ​ភាគហ៊ុន​របស់​អេស៊ីលីដា បាន​កើន​ឡើង​ដល់​ខ្ទង់​លាន​ដុល្លារ ក្នុងរយៈពេល ៤ថ្ងៃ​ជាប់ៗ​គ្នា មិនដែល​ធ្លាប់​មាន​ពី​មុនមក​នោះទេ ហើយ​លើសពីនេះ​ទៅទៀត ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងៗ ដែល​ទើប​តែ​ចុះ​បញ្ជី​ថ្មីៗ គឺមាន​ការធ្លាក់ចុះ​តម្លៃ​បន្តិច ឬ​នៅ​ថេរ តែ​ចំពោះ​ភាគហ៊ុន​របស់​អេស៊ីលីដា នៅពេល​បាន​ចុះ​បញ្ជី​ហើយ មាន​ការកើនឡើង​ភ្លាមៗ​​តែ​ម្តង។

ឯកឧត្តម ហុង សុហួរ បានបញ្ជាក់​ថា វត្តមាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ​ដែល​មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ច្រើន បាន​ទាក់ទាញ​វិនិយោគិន​និង​សាធារណជន ឲ្យ​ចាប់​អារម្មណ៍​មក​លើ​វិស័យ​មូលបត្រ​កាន់តែ​ច្រើន ជំរុញ​ឲ្យ​មាន​សកម្មភាព​ជួញដូរ​កាន់តែ​មមាញឹក ហើយ​ក្រុមហ៊ុន​ផ្សេងៗ​កាន់តែ​ចាប់​អារម្មណ៍ និង​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​ប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​លើ​ផ្សារ​មូលបត្រ​កម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ការជួញ​ដូរ​ខ្ទង់​លាន​ដុល្លារ​របស់​ធនាគារ​អេស៊ីលីដា ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គឺ​មាន​ពេល​វេលា​ខ្លី​ណាស់​សម្រាប់​ការវាយតម្លៃ ក៏​ប៉ុន្តែ វាសរ​បញ្ជាក់​ពី កំណើន​ទំនុកចិត្ត​របស់​វិនិយោគិន​សាធារណៈ មក​លើ​ទីផ្សារ​មូលបត្រ​និង​ភាព​រឹងមាំ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​អេស៊ីលីដា​នេះ ដែល​ជំរុញ​បន្ថែម​នូវ​ភាព​ទាក់ទាញ​សម្រាប់​ការជួញដូរ​លើ​ទីផ្សារ និង​ធ្វើ​ឲ្យ​ទំហំ​ជួញដូរ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ឯកឧត្តម ស៊ូ សុជាតិ ក៏បាន​អំពាវនាវ​ឲ្យ​ធនាគារ ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ពិចារណា​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​ភាព​ជឿជាក់​បន្ថែម​ពី​សាធារណជន ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ការពង្រីក​ធុរកិច្ច​របស់​ខ្លួន និង​ការបែងចែក​ភាព​រីកចម្រើន​របស់​ខ្លួន ដល់​វិនិយោគិន​សាធារណៈ។

លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន ACLEDA Securities Plc. បាន​បញ្ជាក់​ឲ្យ​ដឹងថា វត្តមាន​របស់​ធនាគារ​អេស៊ីលីដា ពិតជា​បាន​ជំរុញ​ឲ្យ​វិស័យ​មូលបត្រ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ហើយ​វា​ជា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ ចាប់តាំង​ពីមាន​ផ្សារ​មូលបត្រ​កម្ពុជា គឺ​ពុំ​មាន​ការជួញដូរ​ក្នុង​ទំហំ​ធំ​បែប​រូបវ័ន្ត​បុគ្គល​បែបនេះ​ទេ ពោល​គឺ​ការរជួញដូរ​ភាគហ៊ុន​របស់​អេស៊ីលីដា ភាគ​ច្រើន​ជា​រូបវ័ន្ត​បុគ្គល ឬ​ហៅ​ថា អ្នក​ទិញ​រាយ​តូចៗ​ជាច្រើន ដែល​ជំរុញ​ឲ្យ​សកម្មភាព​ទិញ​លក់​កាន់តែ​មមាញឹក និង​រស់​រវើក។

ព្រឹត្តិការណ៍នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជំនឿ​ទុកចិត្ត​របស់​សាធារណជន និង​វិនិយោគិន មកលើ​ធនាគារ​អេស៊ីលីដា ដែល​មាន​ប្រតិបត្តិការ​ល្អ​ប្រសើរ បើទោះបីជា​ក្នុង​សម័យ​វិបត្តិ​នៃ​ការរីករាលដាល​ឆ្លង​នៃ​ជំ​ងឺ​កូវីដ យ៉ាងណាក៏​ដោយ ហើយ​លោក ព្រំ វិសុទ្ធ បានបញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ នៅ​មាន​អ្នក​បញ្ជា​ទិញ​ហ៊ុន​អេស៊ីលីដា ជាង ៣ម៉ឺន ៤ពាន់​ហ៊ុន​ទៀត ក្នុង​តម្លៃ​អតិបរមា ដែល​កំពុងតែ​ទន្ទឹង​រង់ចំា​មើល​អ្នកលក់។

លោក បណ្ឌិត អិុន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ធ្លាប់បានអះអាង​ប្រាប់​សារព័ត៌មាន ខេបូណូមីស ថា សម្រាប់ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញនឹងកើនឡើងលើសឆ្នាំ២០១៩ទៅទៀត ដោយ​យ៉ាងហោច​ណាស់​ក៏​មាន​កំណើន១០%ដែរ ខណៈដែលកាលពីឆ្នាំ២០១៩ប្រាក់ចំណេញរបស់អេស៊ីលីដា ធ្លាប់បានរំពឹងថានឹងមានជាង ១០០ លានដុល្លារអាមេរិក។

លោកបណ្ឌិត អុិន ចាន់នី មានប្រសាសន៍យ៉ាងដូច្នេះថា «រឹតតែច្រើនជាងឆ្នាំ២០១៩ទៀត [កំណើនប្រាក់ចំណេញឆ្នាំ២០២០] … នរណាចង់បានប្រាក់ចំណេញស្មើឆ្នាំមុននោះ? វាត្រូវតែច្រើនជាងហ្នឹង! ... បទពិសោធន៍​ជាក់​ស្ដែង​មួយឆ្នាំៗ កើន​ប្រមាណ​ជាង ១០%»។

សូមជម្រាបផងដែរថា បើយោងតាមរបាយការណ៍សវនកម្មប្រាក់ចំណេញក្រោយបង់ពន្ធរួចរបស់ធនាគារអេស៊ីលីដាជាផ្លូវការបានបង្ហាញឲ្យដឹងថា ធនាគារពាណិជ្ជដ៏ធំជាងគេនៅកម្ពុជាមួយនេះទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ២០១៩ ប្រមាណ ១២០លានដុល្លារអាមេរិក គឺដូចទៅនឹងការរំពឹងទុករបស់លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលបានលើកឡើងប្រាប់សារព័ត៌មានខេមបូណូមីស ពិតប្រាកដមែន។

លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ធ្លាប់បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃគោះជួង​​ចុះបញ្ជី​ជាផ្លូវការ​ចូល​ផ្សារ​មូលបត្រ​កម្ពុជា​របស់​ធនាគារអេស៊ីលីដា ថា ការដែល​ធនាគារ​អេស៊ីលីដា សម្រេច​ចិត្ត​ចុះ​បញ្ជី​លក់​ភាគហ៊ុន​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​ដោយ​កាលពីមុន អេស៊ីលីដា ពឹងផ្អែកតែ​លើ​ប្រភពទុន​ពី​ដៃគូ​វិនិយោគ​យុទ្ធសាស្ត្រ ហើយ​ឥឡូវ​នេះ ធនាគារ​អេស៊ីលីដា​មាន​ប្រភព​ទុន​ថ្មី​មួយ​ទៀត ពី​វិនិយោគិន​សាធារណៈ ដែលធ្វើឲ្យ​ប្រភព​ទុន​របស់​ធនាគារ​នេះ​កាន់តែ​មាន​ភាព​ចម្រុះ និង​សម្បូរ​បែប។ 

សូមបញ្ជាក់ដែរថា មុនដំណាច់ឆ្នាំ២០២០​នេះ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា រំពឹង​យ៉ាង​មុត​មាំថា​ នឹង​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន ២​បន្ថែម​ទៀត ដែល​អាច​ចុះ​បញ្ជី​លក់​ភាគហ៊ុន ចំនួន​០១ និង​មួយ​ទៀត ចុះបញ្ជី​លក់​មូលបត្របំណុល៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោក ប្រាប់ឲ្យវៀតណាម ត្រូវបង្កើនផលិតភាពថែមទៀត បើចង់ក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៤៥

ធនាគារ​ពិភពលោក បានផ្ដល់អនុសាសន៍ដល់ប្រទេសវៀតណាមថា គួរតែផ្ដោតទៅលើគំរូអភិវឌ្ឍន៍ ដែលជំរុញដល់ផលិតភាពការងារបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែ…

ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស

ធនាគារជាតិបានសម្រេចទុកពេលឲ្យ ៣ខែ ពោលចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ទៅដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ