នៅឆ្នាំ២០១៧ កន្លងទៅនេះ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកមានទ្រព្យសកម្មនិងទំហំកម្ចីធំជាងគេនោះ បានធ្លាក់ចុះ ២៧% ធៀបនឹងឆ្នាំ២០១៦ ពោលគិតជាទឹកប្រាក់មាណ ជិត៣៥លានដុល្លារអាមេរិក។ អ្នកគ្រប់គ្រងជាន់ខ្ពស់ធនាគារនេះ បានអះអាងថា ការធ្លាក់ចុះនូវប្រាក់ចំណេញរបស់ខ្លួននេះ គឺដោយសារតែមានការកំណត់នូវច្បាប់ថ្មីៗពីធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីជាការគិតគូរពីហានិភ័យក្នុងវិស័យធនាគារ។
ប្រាក់ចំណេញ ក្រោយពីការបង់ពន្ធរួចរបស់ធនាគារអេស៊ីលីដានៅឆ្នាំ២០១៧ បានធ្លាក់ចុះប្រមាណ ២៧% ធៀបនឹងឆ្នាំ២០១៦កន្លងទៅ ពោលគឺបានថយចុះពីទឹកប្រាក់ចំណេញជាង ១២៧លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ មកនៅត្រឹមតែជាង៩២លានដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០១៧ ពោលគឺមានការបាត់បង់ប្រាក់ចំណេញ ៣៤.៨ លានដុល្លារអាមេរិក។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា ការបាត់ប្រាក់ចំណេញជិត៣៥លានដុល្លារនៅឆ្នាំ២០១៧កន្លងទៅនេះ គឺដោយសារតែមានការកំណត់ចេញនូវប្រកាសថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន ឬហៅថាការធ្វើសំវិធានធនទៅលើឥណទានបាត់បង់ សំដៅធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ពិសេសផ្នែកឥណទាននៅក្នុងវិស័យធនាគារតែម្ដង។
នាយកប្រតិបត្តិធនាគារមួយនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០១៧នេះ មានច្បាប់ថ្មីៗ ដែលយើងត្រូវអនុវត្តតាមច្រើនជាងឆ្នាំ២០១៦។ ជាក់ស្ដែង ការធ្វើចំណាត់ថ្នាក់ឥណទាន ដែលខ្មែរយើងហៅថា ការធ្វើសំវិធានធនទៅលើឥណទានបាត់បង់បន្ថែម។ កាលពីឆ្នាំ២០១៦ បើអតិថិជនមួយ ទទួលបានឥណទានពីធនាគារយើងទៅហើយ មានការសងត្រឡប់បានល្អជាមួយស្ថាប័នយើង តែគាត់សងមិនទៀងទាត់ជាមួយនឹងស្ថាប័នដទៃ យើងមិនបានធ្វើចំណាត់ថ្នាក់ឥណទានទេ។ ប៉ុន្ដែសម្រាប់ប្រកាសថ្មី នៅឆ្នាំ២០១៧នេះ គឺតម្រូវឲ្យយើងគិតពីសង្គតិភាព បានន័យថា កាលណាគិតដល់អតិថិជនម្នាក់ ត្រូវមើលឲ្យអស់ថាគាត់កំពុងប្រើប្រាស់ប្រភេទឥណទានអ្វីខ្លះ។ ហើយបើគាត់មានប្រើឥណទានច្រើន មានការសងត្រឡប់ល្អក៏ដោយ ប៉ុន្ដែ បើមានតែ១ក្នុងចំណោមនោះ មានការសងត្រឡប់មិនទៀងទាត់ ក៏ត្រូវចាត់ចំណាត់ថ្នាក់ជាសំវិធានធនឥណទានបាត់បង់បន្ថែមដែរ»។
ក្នុងរបាយការណ៍របស់ធនាគារអេស៊ីលីដា បានឲ្យដឹងដែរថា សំវិធានធនឥណទានបាត់បង់ នៅឆ្នាំ២០១៧ មានការកើនឡើងរហូតដល់ ជាង៣៤លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១៦ មានត្រឹមតែជាង១៣លានដុល្លារអាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានេះ ការកើនឡើងនូវចំនួនធនាគារពាណិជ្ជ និងធនាគារឯកទេស ក៏ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា ជាការបែងចែកចំណែកទីផ្សារក្នុងវិស័យធនាគារផងដែរ តួយ៉ាង កាលពីឆ្នាំ២០១៣ ចំនួនធនាគារពាណិជ្ជ និងធនាគារឯកទេសមានត្រឹមតែ ៤៣ប៉ុណ្ណោះ ប៉ុន្ដែ នៅឆ្នាំ២០១៧ មានរហូតដល់៥៤ ធនាគារ។
មិនត្រឹមតែធនាគារអេស៊ីលីដានោះទេ ដែលមានការធ្លាក់ចុះប្រាក់ចំណេញ បើពិនិត្យទៅមើលរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ក៏បានថយចុះប្រាក់ចំណេញរបស់ខ្លួនគួរឲ្យកត់សម្គាល់ផងដែរ។
តួយ៉ាង តាមរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ AMK បានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបសស់គ្រឹះស្ថានមួយនេះ មានត្រឹមតែជាង៥លានដុល្លារប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦ មានជាង៦លានដុល្លារអាមេរិក។
សូមជម្រាបថា តាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៧ វិស័យធនាគារនៅតែមានវឌ្ឍនភាពរឹងមាំ និងបរិយាប័ន្ន ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង២០% កំណើនប្រាក់បញ្ញើអតិថិជនមានជាង២៤% និងកំណើនឥណទាន មាន១៨%។
ដោយឡែក នៅឆ្នាំ២០១៨នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រំពឹងថានឹងកើនឡើងប្រមាណ២០% ក្នុងនោះដែរ ឥណទានទៅកាន់វិស័យឯកជនអាចនឹងមានកំណើនសមស្របជាមធ្យមប្រមាណ១៧% និងប្រាក់បញ្ញើអតិថិជន និងអាចមានកំណើនប្រមាណ២៤%៕