 
      ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានកត់សម្គាល់ថា ធនាគារ អេស៊ីលីដា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់កាន់តែមានការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងធនធានមនុស្សកាន់តែខ្លាំង ស្របពេលដែល វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជា វិស័យឌីជីថល កំពុងមានការរីកចម្រើនកាន់តែខ្លាំងនៅកម្ពុជា។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ការចាប់ដៃគូរជាមួយក្រុមហ៊ុនតូតាល់កម្ពុជា នឹងផ្តល់នូវមធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ មានប្រសិទ្ធភាពខ្ពស់ និងចូលរួមក្នុងការកាត់បន្ថយនូវការរាតត្បាតជំងឺសាកលកូវីដ-១៩ផងដែរ។
 
      លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បើគិតចាប់ពីឆ្នាំ២០១៥ រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។ ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។
 
      តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើនេះ អតិថិជនទូទៅ និងសាធារណជនទាំងអស់ របស់ក្រុមហ៊ុន តូតាល់កម្ពុជា នឹងអាចធ្វើការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈ អេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។ សូមបញ្ជាក់ថា ថ្មីៗនេះ ធនាគារអេស៊ីលីដា ក៏ទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមធ្យោបាយទិញ-លក់ទំនិញទំនើបទាន់សម័យ និងទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយអេស៊ីលីដាម៉ូបាល នោះគឺអេស៊ីលីដាអ៊ីសប ផងដែរ៕
 
       
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              