
ទន្ទឹមពេលជាមួយគ្នានេះ វិស័យធនាគារ និង ហិរញ្ញវត្ថនេះក៏កំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងផងដែរ ទាំងការផ្តល់សេវាកម្ម អត្រាការប្រាក់ទាប និង ពង្រីកការអភិវឌ្ឍស្លាកយីហោរបស់ខ្លួនដើម្បីទាក់ទាញអតិថិជនកាន់តែខ្លាំង។ ជាក់ស្តែង ធនាគារអេស៊ីលីដា សាខាផ្សារដើមថ្កូវបានបង្ហាញពីយុទ្ធសាស្រ្តប្រកួតប្រជែងរបស់ខ្លួន ដោយផ្តើមចេញពីភាពរហ័សទាន់ចិត្ត និងសុវត្ថិភាព។
លោក ឡឹង រិទ្ធីយ៉ា នាយកសាខាធនាគារអេស៊ីលីដាផ្សារដើមថ្កូវបានលើកឡើងថា ធនាគារអេស៊ីលីដាផ្សារដើមថ្កូវមានការរីកចម្រើនខ្លាំងចាប់តាំងពីឆ្នាំ ២០១៤មកជាមួយប្រាក់បញ្ញើ និងអតិថិជន ព្រោះធនាគារនេះមានអ្នកគ្រប់គ្រងមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពទាន់សម័យ ជាពិសេសគឺបំពេញនូវតម្រូវការអតិថិជនបានទាន់ពេលវេលា។
លោកបញ្ជាក់ថា អេស៊ីលីដា គឺប្រកាន់ភ្ជាប់នូវគោលការណ៍បីចំណុចសំខាន់គឺភាពរហ័ស ទាន់ចិត្ត និងសុវត្ថិភាព។
គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៨ ធនាគារអេស៊ីលីដា សាខាផ្សារដើមថ្កូវ ទទួលបានប្រាក់បញ្ញើកើនឡើង ៤៥លានដុល្លារអាមេរិក នេះបង្ហាញឲ្យឃើញថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏កើនឡើងដែរ ខណៈអ្នកវិនិយោគមានភាពជឿជាក់ទៅលើសុខភាពហិរញ្ញវត្ថុរឹងមាំរបស់វិស័យធនាគារនៅកម្ពុជា។
ជារួមនៃផែនការសម្រាប់ឆ្នាំ២០១៨ ធនាគារអេស៊ីលីដាសាខា ផ្សារដើមថ្កូវសង្ឃឹមថា ការអនុវត្តផែនការសម្រាប់ប្រាក់សន្សំអាចកើនឡើងដល់ ១២០ភាគរយនៃផែនការ ខណៈបច្ចុប្បន្នសម្រេចបាន ១១០ភាគរយ និងសេវាឥណទានសម្រេចបាន ៨៨ភាគរយនៃផែនការ។

កាលពីខែកញ្ញាឆ្នាំ២០១៨នេះដែរ ធនាគារអេស៊ីលីដា បានប្រកាសបន្ថែមដើមទុនរបស់ខ្លួនចំនួនជាង ៣៦លានដុល្លារលើដើមទុនដែលមានបច្ចុប្បន្នចំនួន ជាង ៣៥៨ ដុល្លារអាមេរិក។
ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីឲ្យដើមទុនរបស់ធនាគារកាន់តែរឹងមាំ គាំទ្រដល់ការរីកលូតលាស់របស់ធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេស និងបន្តគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនាគារអេឡិចត្រូនិក និងឌីជីថល ឲ្យកាន់តែមានភាពជឿនលឿន និងទាន់សម័យ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។
គិតមកដល់ពេលនេះធនាគារ អេស៊ីលីដា មានការិយាល័យសាខាសរុបចំនួន ២៦២ ទូទាំងប្រទេសកម្ពុជា ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៩ ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា និងមានទ្រព្យសកម្មសរុបចំនួនជាង ៥ ពាន់លានដុល្លារអាមេរិក និង មានគណនីប្រាក់បញ្ញើប្រមាណ ២ លានគណនី៕