ក្នុងដំណើរទស្សកិច្ចស្នាក់ការកណ្តាលធនាគារអេស៊ីលីដា ថ្នាក់ដឹកនាំធនាគារកណ្តាលឡាវ បានបង្ហាញការគាំទ្រ និងឯកភាពទាំងស្រុងលើគម្រោងនេះ ហើយប្តេជ្ញានឹងជួយអេស៊ីលីដាក្នុងការរៀបចំប្រព័ន្ធទូទាត់មួយនេះ។ ក្រៅពីប្រទេសឡាវ ធនាគារអេស៊ីលីដា ក៏គ្រោងរៀបចំប្រព័ន្ធទូទាត់ឆ្លងប្រទេសនេះជាមួយប្រទេសវៀតណាមផងដែរ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មន្ត្រីជំនាញបច្ចេកទេសរបស់ធនាគារ អេស៊ីលីដា នឹងធ្វើការជាមួយមន្ត្រីជំនាញរបស់ធនាគារកណ្តាលឡាវ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរួមមួយតាមរយៈ QR Code ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ តាមរយៈប្រព័ន្ធទូទាត់នេះ ប្រជាជននៃប្រទេសទាំងពីរអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាម QR Code ដោយប្រើ App អេស៊ីលីដាម៉ូបាល់ ឬ App ធនាគារជាដៃគូ ដោយមិនចាំបាច់ប្រើក្រដាសប្រាក់នោះឡើយ។ លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា គោលបំណង នៃការបង្កើតប្រព័ន្ធទូទាត់នេះ គឺដើម្បីពង្រីកប្រតិបត្តិការរបស់ អេស៊ីលីដា ទៅកាន់ប្រទេសឡាវឲ្យកាន់តែទូលំទូលាយ និងដើម្បីរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាដើម។
ជុំវិញការបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសរវាងកម្ពុជា និងឡាវនេះ ឯកឧត្តម ស៊ុននិកសាយ សិទ្ធផាសាយ Sonexay Sitphaxay អគ្គទេសាភិបាលធនាគារកណ្តាលឡាវ ក្នុងអំឡុងទស្សនកិច្ចទីស្នាក់ការកណ្តាលធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១ បានបង្ហាញការគាំទ្រ និងឯកភាពទាំងស្រុងលើគម្រោងមួយនេះ។ លើសពីនេះ ឯកឧត្តម ប្តេជ្ញានឹងជួយសម្របសម្រួលធនាគារអេស៊ីដាក្នុងការរៀបចំនីតិវិធីផ្សេងៗ ដើម្បីជំរុញ និងពន្លឿនដំណើរការរៀបចំប្រព័ន្ធទូទាត់នេះផងដែរ។
បើតាមលោកបណ្ឌិត អុិន ចាន់នី ការរៀបចំប្រព័ន្ធទូទាត់ឆ្លងប្រទេសកម្ពុជា-ឡាវនេះ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ហើយបើតាមគម្រោងរបស់ធនាគារ អេស៊ីលីដា គឺធ្វើយ៉ាងណាឲ្យបញ្ចប់នៅត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០២២ ដើម្បីឲ្យគណៈប្រតិភូឡាវអាចទូទាត់បានពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រៅពីប្រទេសឡាវ ធនាគារពាណិជ្ជខ្មែរដ៏ធំមួយនេះ គ្រោងបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយប្រទេសវៀតណាម ដែលគ្រោងនឹងសិក្សាក្នុងពេលឆាប់ៗផងដែរ។ បន្ថែមលើនេះ ធនាគារអេស៊ីលីដា មានគម្រោងបង្កើតប្រព័ន្ធទូទាត់ QR Code នេះជាមួយបណ្តាប្រទេសផ្សេងៗក្នុងតំបន់ផងដែរ ដ្បិតវាស្ថិតក្នុងយុទ្ធសាស្ត្ររបស់អាស៊ាន។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា បានដាក់ប្រព័ន្ធនេះឲ្យអនុវត្តរួចហើយនៅប្រទេសថៃ។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី គោលបំណងនៃដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលធនាគារកណ្តាលឡាវ គឺដើម្បីអបអរពីភាពរីកចម្រើនរបស់ធនាគារអេស៊ីដានៅប្រទេសឡាវ និង អរគុណដល់អេស៊ីលីដា ដែលបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឡាវ តាមរយៈការផ្តល់ឥណទានប្រកបដោយតម្លាភាព និងការងារធ្វើជូនប្រជាពលរដ្ឋឡាវ។ បន្ថែមលើនេះ គឺដើម្បីសិក្សាធនាគារអេស៊ីលីដានៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជួយឲ្យធនាគារមានការរីកចម្រើន៕