ការធ្លាក់ចុះតម្លៃភាគហ៊ុនអេស៊ីលីដានេះដែរ ត្រូវបានក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី អះអាងថា ដោយសារតែមានការបញ្ចេញលក់ភាគហ៊ុនច្រើន ដែលនាំឲ្យការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែបើនិយាយពីស្ថានភាពរបស់ធនាគារអេស៊ីលីដាវិញ គឺមានភាពល្អប្រសើរជាធម្មតាទេ។ ទោះជាបែបនេះក្តី អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធីអះអាងថា នេះជាឱកាសល្អ ដែលវិនិយោគសាធារណៈដទៃទៀត ជាពិសេសវិនិយោគិនរយៈពេលវែង អាចប្រមូលទិញដើម្បីទុកចំណេញពេលក្រោយ ព្រោះតាមការសង្កេតរបស់លោក ទំនោរភាគហ៊ុនរបស់អេស៊ីលីដា នឹងឡើងមកវិញក្នុងពេលឆាប់ៗនេះ។
លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី ភីអិលស៊ី បានប្រាប់ក្រុមការងារខេមបូណូមីសថា ជាការពិតណាស់នៅផ្សារហ៊ុន ពេលការផ្គត់ផ្គង់លើសតម្រូវការ នោះនឹងមានបម្រែបម្រួលនៃការឡើងចុះតម្លៃភាគហ៊ុនដែរ គឺជារឿងធម្មតា។
លោក ព្រំ វិសុទ្ធ បានបញ្ជាក់ថា ហេតុផលចម្បងដែលធ្វើឲ្យតម្លៃភាគហ៊ុនអេស៊ីលីដា ធ្លាក់ចុះដល់ក្រោមតម្លៃ IPO យ៉ាងដូច្នេះ គឺដោយសារភាគហ៊ុនចំនួន ៤% នៃភាគហ៊ុនធនាគារអេស៊ីលីដាសរុប ដែលជាភាគហ៊ុនរបស់បុគ្គលិកអេស៊ីលីដា កាន់កាប់តាមរយៈក្រុមហ៊ុនភាគហ៊ុនិកនីតិបុគ្គល អេ.អេស.អេ (ASA) បានធ្វើនិយ័តកម្មភាគហ៊ុនទាំងអស់ទៅឲ្យបុគ្គលិកម្នាក់ៗវិញ ដែលធ្វើឲ្យបរិមាណលក់ភាគហ៊ុនមានច្រើន ទើបធ្វើការផ្គត់ផ្គង់លើសតម្រូវការយ៉ាងដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយចុះ អគ្គនាយកក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួររីធី បញ្ជាក់ថា នេះជាឱកាសល្អមួយដែរ សម្រាប់វិនិយោគិនសាធារណៈដទៃទៀត ក្នុងការប្រមូលទិញ ដើម្បីទុកចំណេញទៅពេលក្រោយ ព្រោះភាគហ៊ុនអេស៊ីលីដា នឹងមានទំនោរកើនឡើងមកវិញក្នុងពេលឆាប់ៗនេះ។
គួរម្លឹកថា កាលពីថ្ងៃទី១៥ មិថុនានេះ ធនាគារអេស៊ីលីដា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន អេ.អេស.អេ ភីអិលស៊ី ដែលជាភាគហ៊ុនិកនីតីបុគ្គលមួយរបស់ធនាគារអេស៊ីលីដា បានធ្វើនិយ័តកម្មភាគហ៊ុនទាំងអស់ទៅឲ្យភាគហ៊ុននិកជាក់ស្តែងម្នាក់ៗ ដែលមានសមាជិកសរុបចំនួនជាង១ម៉ឺននាក់ និងមានភាគហ៊ុនសរុបជាង ១០០លានហ៊ុន ដែលស្មើនឹងចំនួនជិត២៥% នៃភាគហ៊ុនសរុបរបស់ធនាគារ។ នៅក្នុងនោះដែរ ភាគហ៊ុន ដែលបានធ្វើនិយ័តកម្មរួចរាល់នឹងត្រូវដាក់ឲ្យជួញដូរបាននៅលើផ្សារមូលបត្រកម្ពុជាត្រឹម ៤% ស្មើនឹងជាង ១៧លានហ៊ុន សម្រាប់ឆ្នាំ២០២១ ចំណែកភាគហ៊ុននៅសល់ជាង២០%ទៀត នឹងត្រូវអនុវត្តតាមផែនការជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ដែរថា ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១០មិថុនា ទើបតែបានសម្រេចបែងចែកភាគលាភសម្រាប់ប្រាក់ចំណេញឆ្នាំ២០២០សម្រាប់ភាគហ៊ុននិករបស់ខ្លួនហើយ ប៉ុន្ដែ ការបែងចែកនេះ គឺសម្រាប់តែវិនិយោគិនសាធារណៈតែប៉ុណ្ណោះ ដែលភាគលាភត្រូវបែងចែកមានចំនួនប្រមាណជាង ៤២ម៉ឺនដុល្លារ។ ចំណែកភាគលាភជាសាច់ប្រាក់ដែលនៅសល់ចំនួនជាង ៤២លានដុល្លារទៀត ត្រូវរក្សាទុកក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុក សម្រាប់ធ្វើការបែងចែក ជូនភាគហ៊ុនិកជានីតិបុគ្គល ដែលមិនមែនជាភាគហ៊ុននិកសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករ៕