កន្លងមក មានក្រុមអ្នកតវ៉ាយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាមទារឲ្យប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស ពោលគឺទាមទារឲ្យទម្លាក់អ្នកដឹកនាំពីត្រកូល Rajapaksa ហើយក៏បានទាមទារឲ្យលោករានីល ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្ដែ ស្រាប់តែពេលនេះ លោករ៉ានីល បែរជាប្ដូរពីកៅអីនាយករដ្ឋមន្ត្រី មកអង្គុយកៅអីប្រធានាធិបតីទៅវិញ ដែលស្ថានការណ៍ ត្រូវបានគេមើលឃើញថា ក្រុមអ្នកតវ៉ា អាចនឹងមិនពេញចិត្តនោះឡើយ ហើយអាចបង្កកំហឹងកាន់តែខ្លាំងក្លាថែមទៀត។
ប្រភពពីសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា បន្ទាប់ពីការរាប់សន្លឹកឆ្នោតបានបញ្ចប់ អគ្គលេខាធិការសភាបាននិយាយ លោក Ranil ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កាសម្រាប់ជំនួសតំណែងលោក Gotapaya Rajapasa ដែលបានលាលែងពីតំណែង។
ក្នុងការបោះឆ្នោតនោះ លោក រ៉ានីល ទទួលបានសំឡេងគាំទ្រចំនួន ១៣៤ សំឡេង នៅក្នុងចំណោមសមាជិកសភា ២២៥រូប ខណៈដែល គូប្រជែងដ៏ធំរបស់លោក គឺ Dullas Alahapperuma សមាជិកសភានៃបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រ៨២សំឡេង។
ក្នុងវ័យ ៧៣ឆ្នាំ លោករ៉ានីល ធ្លាប់បានធ្វើជាប្រធានាធិបតីស្រីលង្កាចំនួន៦លើករួចហើយ មុននឹងលោកត្រូវបានជាប់ឆ្នោតថ្មីៗនេះ។
ទោះយ៉ាងណា ក្រុមអ្នកតវ៉ាជាច្រើនបាននិយាយថា ការឈ្នះរបស់លោក Ranil នឹងអាចនាំឱ្យមានបាតុកម្មកាន់តែច្រើនឡើង ខណៈប្រជាជនមានការខឹងសម្បារនឹងសែរស្រឡាយបក្សពួករបស់ប្រធានាធិបតីអាណាត្តិមុនជាខ្លាំង ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិខ្វះទុនបម្រុងក្នុងការនាំចូល ប្រេងឥន្ធនៈ ស្បៀងអាហារសំខាន់ៗ និង ថ្នាំពេទ្យជាដើម។
មែនទែនទៅ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតប្រធានាធបិតីមាន ៣ រូប រួមមានប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe សមាជិកសភាគណបក្សកាន់អំណាច Dullas Alahapperuma និង បេក្ខជនទីបី គឺ លោក Anura Kumara Dissanayaka ដែលជាមេដឹកនាំគណបក្សឆ្វេងនិយម។
ក្នុងចំណោមបេក្ខជនឈរឈ្មោះទាំង ៣ រូបនេះ ប្រធានាធិបតីស្តីទីលោក Ranil ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏មានឥទ្ធិពលមួយរូប។ ដោយឡែក បេក្ខភាពទី ២ ដែលជាសមាជិកសភាគណបក្សកាន់អំណាច លោក Dullas ជាអតីតអ្នកសារព័ត៌មាន មានការគាំទ្រពីក្រុមបាតុករ និង ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែ លោកមិនមានបទពិសោធន៍អភិបាលកិច្ចកម្រិតកំពូលណាមួយនៅក្នុងការដោះស្រាយវិបត្តិខ្វះខាតទុនបម្រុងក្នុងប្រទេស ដែលកំពុងត្រូវការថវិកាសង្គ្រោះពីមូលនិធិរូបបិយវត្ថុអន្តជាតិ(IMF) ជាខ្លាំងនោះទេ។ រីឯ បេក្ខជនទីបី គឺ លោក Anura ដែលជាមេដឹកនាំគណបក្សឆ្វេងនិយម Janatha Vimukti Peramuna មានសម្លេងត្រឹមតែបីអាសនៈក្នុងសភា ហើយមិនមានឱកាសពិតប្រាកដក្នុងការឈ្នះឆ្នោតនោះទេ។
គួរំឭកបន្ដិចថា ថ្មីៗនេះ ក្រុមអ្នកតវ៉ាក៏បានដុតបំផ្លាញផ្ទះឯកជនរបស់លោក Ranil និងបានសម្រុកចូលការិយាល័យរបស់លោកផងដែរ ប៉ុន្តែមិនអាចបណ្តេញបុរសរូបនេះឱ្យចុះចេញពីតំណែងបានទេ ខណៈលោក Ranil បានអះអាងនៅសប្តាហ៍នេះថា លោកគ្មានហេតុផលអ្វីត្រូវចុះចេញពីតំណែងនោះទេ ដោយសារនៅពេលដែលលោកបានចូលរួមជាមួយរដ្ឋាភិបាលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីក្នុងខែឧសភា សេដ្ឋកិច្ចបានដួលរលំរួចទៅហើយ។
ទោះបីជា រើសបានប្រធានាធិបតីថ្មីក៏ដោយ ប៉ុន្ដែ ប្រទេសស្រីលង្កាទំនងជា មិនទាន់រកឃើញភាពស្ងប់សុខទេ ប៉ុន្ដែ អាចនឹងមានការផ្ទុះបាតុកម្មតវ៉ាកាន់តែច្រើន ហើយគេក៏នឹងរងចាំមើលថា តើលោក រ៉ានីល អាចនឹងរែកពន់បញ្ហាទាំងនេះ បានយូរប៉ុនណា?