គម្រោងពង្រឹងភាពប្រកួតប្រជែងខ្សែចង្វាក់តម្លៃ កសិកម្ម និងការពង្រីកការលើកកម្ពស់សុវត្ថភាពចំណីអាហារ របស់ ADB គឺមានគោលបំណងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្ម ចំនួន ២៣០នាក់ និងកសិ-ពាណិជ្ជកម្មចំនួន ៥០ នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងកំពង់ធំ។
លោក តាកេស៊ី យូអ៊ីដា សេដ្ឋវិទូផ្នែកកសិកម្ម និងជាប្រធានធនធានធម្មជាតិ នៃធនាគារ ADB បានបញ្ជាក់ថា «កសិកម្មបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់ប្រទេសកម្ពុជា ប្រសិនបើសហគ្រាសខ្នាតតូច និងមធ្យម ដែលទាក់ទងនឹងកសិ-ពាណិជ្ជកម្ម អាចអភវិឌ្ឍសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃ ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ ហើយនឹងអាចដាក់លក់នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេសបាន»។
លោកបន្ថែមទៀតថា «ការវិនិយោគរបស់វិស័យឯកជនក្នុងវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន និងផលិតផលវត្ថុធាតុដើមកសិកម្មមានគុណភាពខ្ពស់ នឹងជួយឲ្យកសិ-ពាណិជ្ជកម្មរបស់កម្ពុជា បញ្ចេញសក្ដានុពលកំណើន បង្កើតការងារ និងធ្វើឲ្យជីវភាពរស់នៅតាមទីជនបទមានភាពប្រសើរឡើង»។
របាយការណ៍ធនាគារ ADB បានឲ្យដឹងទៀតថា មាន៧៦% នៃចំនួនប្រជាជនសរុបរបស់កម្ពុជា គឺរស់នៅតាមទីជនបទ ហើយកសិកម្មគឺមានចំណែក២០,៧% នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា និងបានផ្ដល់ការងារប្រមាណ ជាង៣១% នៃចំនួនការងារសរុបនៅឆ្នាំ២០១៩។ តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ឧស្សាហកម្មនេះបានកើនឡើងជាមធ្យម១,៧%។ ទំនិញកែច្នៃ កសិផល បច្ចុប្បន្ននេះ មានប្រមាណ៤% នៃផលិតផលក្នុងស្រុកសរុប ដោយសារតែកង្វះខាតការធ្វើពិពិធកម្ម និងផលិតផលដែលមានតម្លៃបន្ថែម។
ADB បានគូសបញ្ជាក់ទៀតថា ជំងឺរាតត្បាតកូវីដ-១៩ ក៏បានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់កសិកម្ម និងកាត់បន្ថយប្រាក់ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិ-ពាណិជ្ជកម្មផងដែរ៕