ប្រទេសកម្ពុជា នឹងទទួលបានថវិកានេះ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ និង ការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។
លោកស្រី សន្យា ដួរ៉ានី ចាម៉ាល់ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ ADB នឹងគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពប្រកួតប្រជែង និង ពិពិធកម្មប្រភព ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការកសាងឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការពន្លឿនកំណែទម្រង់អភិបាលកិច្ច។
យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះ នឹងជួយបង្កើតឱ្យ មានកាលានុវត្តភាពការងារកាន់តែប្រសើរ សម្រាប់ពលរដ្ឋកម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និង ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ដល់ ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣,២ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០០លានដុល្លារអាមេរិក៕