របាយការណ៍ ស្ដីអំពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅក្នុងខែមិថុនានេះ បានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ឬហៅថា Developing Asia ដែលមានប្រទេសចំនួន៧ រួមមាន បង់ក្លាដេស កម្ពុជា ឡាវ ម៉ុងហ្គាលី មីយ៉ាន់ម៉ា ណេប៉ាល់ និងស្រីលង្ការនោះ នៅឆ្នាំ២០២០នេះ ប្រទេសទាំងនេះ នឹងរក្សាបានកំណើនសេដ្ឋកិច្ចតិចតួចប៉ុណ្ណោះ ត្រឹមតែ ០,១% តែនៅឆ្នាំ២០២១ នឹងកើនដល់ ៦,២% ខណៈដែលបណ្ដាប្រទេស តំបន់អាស៊ីអាគ្នេយ៍វិញ នឹងមានសេដ្ឋកិច្ចដាំក្បាលចុះ -២,៧% នៅឆ្នាំ២០២០នេះ តែនឹងកើនឡើងដល់ ៥,២% វិញ នៅឆ្នាំ២០២១។
តាមរបាយការណ៍របស់ ADB បើពិនិត្យទៅលើការព្យាករសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅ ឆ្នាំ២០២០នេះ អាចនឹងមាន -៥,៥% ខណៈដែលការព្យាករពីខែមេសាថា មានកំណើន ២,៣%។ ទោះយ៉ាងណា បើតាមការព្យាករដដែលនេះ នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា អាចនឹងហក់កើនខ្ពស់ឡើងវិញដល់ ៥,៩%។
ដោយឡែក បើយើងមើលទៅលើសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសចំនួន ១១ ដែលក្នុងនោះ រួមមានប្រទេសអាស៊ានទាំង១០ រួមជាមួយនឹងប្រទេស ទីម័រលេស្ទេនោះ ឃើញថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចប្រទេសថៃត្រូវបានព្យាករថា នឹងមានការធ្លាក់ចុះខ្លាំងជាងគេដល់ទៅ -៦,៥% បន្ទាប់មកគឺសិង្ហបុរីមាន -៦% និងកម្ពុជាយើងមាន -៥,៥%។
បើតាមការគូសបញ្ជាក់របសស់ធនាគារ ADB ការរក្សាបានកំណើនតិចតួចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនៅឆ្នាំ២០២០នេះ ក៏ដោយសារតែវិធានការគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាល និងការដោះស្រាយបញ្ហាដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ដោយវាបានធ្វើឲ្យរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច និងការចុះអន់ថយនៃតម្រូវការខាងក្រៅ។