របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារ ADB ដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែឧសភា បានឲ្យដឹងថា ការខាតបង់សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អាចមានចាប់ពី ១,៧ ទ្រីលានដុល្លារអាមេរិក ក្រោមសេណារីយ៉ូគ្រប់គ្រងរយៈពេលខ្លី៣ខែ ទៅដល់ ២,៥ ទ្រីលានដុល្លារក្រោមសេណារីយ៉ូគ្រប់គ្រងរយៈពេលវែងដល់ ៦ខែ ដោយតំបន់នេះ គឺមានចំណែកប្រមាណ ៣០% នៃការធ្លាក់ចុះសរុបរបស់សេដ្ឋកិច្ចសកលលោក។
សាធារណរដ្ឋប្រជាមានិតចិន អាចនឹងរងផលប៉ះពាល់ខាតបង់ចន្លោះពី ១,១ ទៅដល់ ១,៦ទ្រីលានដុល្លារអាមេរិក។
ជាលទ្ធផលនៃការវិភាគថ្មី បង្ហាញថានៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២០ ដែលបានផ្សាយនៅថ្ងៃទី៣ ខែមេសា បានប៉ាន់ប្រមាណថា ការចំណាយសកលចំពោះមេរោគកូវីដ-១៩នេះ អាចមានចាប់ពី ២ ទ្រីលានដុល្លារ ទៅដល់ ៤,១ ទ្រីលានដុល្លារអាមេរិក។
រដ្ឋាភិបាលនានានៅជុំវិញពិភពលោក បានឆ្លើយតបយ៉ាងរហ័សទៅនឹងផលប៉ះបាល់នៃជំងឺរាតត្បាត ការអនុវត្តវិធានការនានា ដូចជាបន្ធូរបន្ថយសារពើពន្ធ និងរូបិយវត្ថុ ការចំណាយលើវិស័យសុខាភិបាល និងការគាំទ្រដោយផ្ទាល់ដើម្បីដោះស្រាយការខាតបង់នៅក្នុងប្រាក់ចំណូល។ ការខិតខំប្រឹងប្រែងប្រកបដោយចីរភាពពីសំណាក់រដ្ឋាភិបាល ផ្ដោតលើវិធានការទាំងនេះ អាចធ្វើឲ្យផលប៉ះពាល់សេដ្ឋកិច្ចសកល បណ្ដាលមកពី Covid-19 មានប្រមាណ៣០% ទៅ ៤០%។ ប្រការនេះ អាចនឹងកាត់បន្ថយការខាតបង់សេដ្ឋកិច្ចសកល ដោយសារតែកូវីដ-១៩ ចន្លោះពី ៤,១ ទៅ៥,៤ ទ្រីលានដុល្លារអាមេរិក។
ក្រោមសេណារីយ៉ូ គ្រប់គ្រងរយៈពេលខ្លី និងវែង របាយការណ៍ ADB កត់សម្គាល់ឃើញថា ការបិទព្រំដែន, ការរឹតត្បិតការធ្វើដំណើរ, ការបិទប្រទេស អាចនឹងកាត់បន្ថយពាណិជ្ជកម្មសកលប្រមាណ ១,៧ ទៅ២,៦ ទ្រីលានដុល្លារ។ ការធ្លាក់ចុះការងារនៅទូទាំងសកលលោក នឹងមានចន្លោះពី ១៥៨ លាន ទៅ ២៤២ លានការងារ ដោយក្នុងនោះ តំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រមាណ ៧០% នៃការងារដែលបាត់បង់សរុប។ ប្រាក់ចំណូលពីការងារនៅជុំវិញសកលលោក នឹងធ្លាក់ចុះប្រមាណ១,២ ទៅ ១,៨ ទ្រីលានដុល្លារ៕