ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញពីការព្យាកររបស់ខ្លួនបន្ថែមទៀតថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះដល់ទៅ ៧,៨% ធ្លាក់ចុះយ៉ាងច្រើន បើធៀបនឹងឆ្នាំ២០១៩ ដែលមានកំណើន ២,៤%។
លើសពីនេះទៅទៀត នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២០ របស់ ADB សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្លាក់ចុះកាន់តែខ្លាំងដល់ទៅ ៤,៤% ខណៈការព្យាករកាលពីខែកញ្ញាកន្លងទៅ គឺធ្លាក់ចុះត្រឹមតែ ៣,៨%។
យ៉ាងណាក៏ដោយ ការសិក្សាគឺមានភាពខុសៗគ្នាទៅតាមតំបន់ ដូចជានៅតំបន់អាស៊ីបូព៌ា អាចនឹងកំណើនដល់ទៅ ១,៦% ក្នុងឆ្នាំ ២០២០នេះ ហើយអាចនឹងកើនដល់ ៧% នៅឆ្នាំ ២០២១ខាងមុខ ដែលរុញច្រានដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។
សេដ្ឋកិច្ចវិទូមកពី ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងដែរថា វិបត្តិកូវីដ១៩ ដែលកាន់តែអូសបន្លាយ នៅតែជាហានិភ័យចម្បងជាងគេ ក៏ប៉ុន្តែការសិក្សាអភិវឌ្ឍន៍បង្កើតវ៉ាក់សាំង បានជួយបន្ថយកំដៅដល់ បញ្ហានេះ ទោះជាយ៉ាងណា ការចែកចាយវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា គឺជាកត្តាសំខាន់បំផុតមួយ សម្រាប់បណ្តាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលត្រូវការបើកទ្វារសេដ្ឋកិច្ចឡើងវិញ។
គួររម្លឹកផងដែរថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានដំឡើងព្យាករណ៍ពី GDP របស់ថៃ នៅក្នុងឆ្នាំ ២០២០នេះ ថាអាចនឹងធ្លាក់ចុះត្រឹមតែ ៦% ប៉ុណ្ណោះ ដែលព្យាករណ៍កាលពីលើកមុន រំពឹងនឹងធ្លាក់ចុះដល់ទៅ ៨% ឯណោះ ហើយរំពឹងថា GDP របស់ខ្លួន នឹងកើនឡើង ៣ ទៅ ៤% នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ៕