តាមរបាយការណ៍ ស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ធនាគារ ADB ដែលបានចេញផ្សាយកាលពីដើមសប្ដាហ៍មុននេះ និងត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន VN Express បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ២០១៩នេះ ត្រូវបានគាំទ្រដោយ ស្ថិរភាពនៃតម្រូវការក្នុងស្រុក ដែលមានកំណើនប្រមាណ ៧,៣% នៅក្នុងឆ្នាំ ២០១៧ និង៧,២% នៅឆ្នាំ២០១៨។
សម្រាប់ការប្រើប្រាស់ឯកជនវិញ ត្រូវបានរបាយការណ៍គូសបញ្ជាក់ដែរថា នៅតែមានភាពរឹងមាំ ខណៈដែលពលរដ្ឋមានចំណូលកើនឡើង និងស្ថិរភាពអតិផរណា។
ចំពោះការវិនិយោគឯកជនឯណោះវិញ ក៏ទំនងជានឹងកើនឡើងដែរ ខណៈដែលវៀតណាម នឹងបន្តនូវភាពប្រសើរឡើងនៃបរិយាកាសអាជីវកម្ម និងការចងសម្ពន្ធកាន់តែខ្លាំងក្លា ជាមួយនឹងដៃគូអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ រួមទាំងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ដែលបានសម្រេចចុះហត្ថលេខាផ្លូវការកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម ដែលបានចុះហត្ថលេខា កាលពីចុងខែឧសភា កន្លងទៅថ្មីៗនេះ។ ដែលកិច្ចព្រមព្រៀងទាំងអស់នេះ ត្រូវបានគេមើលឃើញថា គឺជាកម្លាំងរុញច្រានដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមទាំងបច្ចុប្បន្ន និងអនាគត។
ទោះយ៉ាងណា សេដ្ឋកិច្ចវៀតណាម ក៏នៅតែមានប្រឈមនឹងហានិភ័យខាងក្រៅខ្លះៗផងដែរ។ បើតាម របាយការណ៍ ហានិភ័យនេះ គឺអាចទាក់ទងនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់វៀតណាម ដូចជា សហភាពអឺរ៉ុប អាមេរិក ជប៉ុន និងចិន ជាដើម។
ធនាគារ ADB បានឲ្យដឹងទៀតថា កំណើននៅក្នុងឆមាសទី១ឆ្នាំ ២០១៩នេះ របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា មាន ៦,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជា វិស័យកសិកម្មត្រូវប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត និងការរាលដាលនៃជំងឺប៉េះជ្រូកអាហ្វ្រិក ទៅលើកសិដ្ឋានចិញ្ចឹមជ្រូកក៏ដោយ។
សម្រាប់ការព្យាករនៃកំណើនអភិវឌ្ឍន៍តំបន់អាស៊ីវិញ ត្រូវបាន ធនាគារ ADB រក្សាការព្យាករនៅដដែលថា នឹងមាន ៥,៧% នៅឆ្នាំ២០១៩ និង៥,៦ % នៅឆ្នាំ២០២០។
ដោយឡែក របាយការណ៍ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះដែរ បានព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាមផងដែរ តែការព្យាករមានទាបជាងបន្ដិច បើធៀបនឹងADB ពោលគឺ ស្ថានប័ន IMF ព្យករថា នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមមានកំណើនយឺតដែលមានត្រឹមតែ៦,៥% ដោយសារតែលក្ខខណ្ឌខាងក្រៅមានភាពទន់ខ្សោយ ហើយនៅឆ្នាំ២០២០ ត្រូវបានរំពឹងថា នឹងនៅរក្សាបានកំណើន ៦,៥% ដដែល។
ទោះយ៉ាងណា បើតាមរបាយការណ៍ ពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំនេះ កំណើនសេដ្ឋកិច្ចវៀតណាម មាន ជាង ៦,៧% ដែលជាអត្រាកំណើនមួយខ្ពស់ទី២ តាំងពីឆ្នាំ២០១១មក៕