ការវិនិយោគលើវិស័យប្រេងវាចាំបាច់សម្រាប់កម្ពុជា

ឯកឧត្តម ស៊ុយ សែម៖ ការវិនិយោគលើវិស័យប្រេងវាចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ


ការវិនិយោគលើវិស័យប្រេងបន្ថែមវាជារឿងចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងមានការកើនឡើង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានព្យាករថា នៅឆ្នាំ២០៣០ខាងមុខ តម្រូវការប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់របស់កម្ពុជានឹងកើនឡើងដល់ជិត៥លានតោន និងឡើងដល់ជាង ៨លានតោននៅត្រឹមឆ្នាំ២០៤០។ ហើយប្រេងឥន្ធនៈដែលបម្រើឲ្យការប្រើប្រាស់របស់ប្រជាពល និងក្នុងខ្សែចង្វាក់ផលិតកម្មបច្ចុប្បន្ននេះ កម្ពុជាបាននាំចូលពីប្រទេសវៀតណាម សិង្ហបុរី និងថៃ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ដោយ

នាសន្និសីទសារព័ត៌មានស្តីពីប្រេង ឧស្ម័ន និងថាមពលកម្ពុជាឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានព្យាករពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានាថ្ងៃអនាគត ក្នុងនោះឯកឧត្តម​ព្យាករថា កម្ពុជានឹងមានតម្រូវការប្រេងកើនឡើងដល់ ៤,៨លានតោននៅឆ្នាំ២០៣០ កើនឡើងស្ទើរតែ ១០០%បើធៀបនឹងបរិមាណកាលពីឆ្នាំ២០២០ដែលមាន ២,៨លានតោន។ ជាមួយគ្នានេះកម្ពុជាត្រូវបានរំពឹងថានឹងមានតម្រូវការប្រើ​ប្រាស់ប្រេងកើនដល់ ៨,៣លានតោននៅឆ្នាំ២០៤០។

កត្តានេះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់​​លើការអភិវឌ្ឍ​វិស័យបូមប្រេង​ដោយខ្លួនឯង ខណៈបច្ចុប្បន្នការបូមប្រេងនៅឈូងសមុទ្រកម្ពុជាកំពុងជាប់គាំង ក្រោយក្រុមហ៊ុនរុករកនិងបូមប្រេងរបស់សិង្ហបុរី KrisEnergy ដែលទទួលបានសិទ្ធិលើប្រតិបត្តិការនេះ ជួបវិបត្តិក្ស័យធន។ សម្រាប់ឯកឧត្តម ស៊ុយ សែម ការវិនិយោគបន្ថែមលើវិស័​យប្រេងឥន្ធនៈ វាជារឿងចាំបាច់ណាស់សម្រាប់កម្ពុជា ដែលជាប្រទេសនាំចូលប្រេងទាំងស្រុង ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងមានការកើនឡើង និងត្រៀមឆ្លើយតបនឹងការកើនឡើង​បន្ថែមទៀតនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៊ិនហួរ។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៦ខែកន្លងមកនេះ កម្ពុជា បាននាំចូលប្រេងឥន្ធនៈមិនក្រោម៣០លានលីត្រនោះទេក្នុង១ខែៗ ក្នុងនោះកម្ពុជាបាននាំចូលប្រេ​ងសាំង​ជាមធ្យមជាង១០លានលីត្រ និងម៉ាស៊ូតប្រមាណ២០លានលីត្រ។ ប្រេងឥន្ធនៈដែលប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាសកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន កម្ពុជាបាននាំចូលពីប្រទេសវៀតណាម ថៃ និងសិង្ហបុរី។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញ​ឲ្យឃើញថា កម្ពុជាបានចំណាយថវិកាជាង៩៧០លានដុល្លារលើការនាំប្រេងឥន្ធនៈនៅក្នុងរយៈពេល៥ខែ​ឆ្នាំ២០២២ មានការកើនឡើងជាង៥៧% ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែជាង​៦១៧លានដុល្លារ។ ក្នុងនោះការនាំចូលប្រេងសាំង​មានតម្លៃ​ជាង​៣៤២លានដុល្លារ កើនជាង១០៣% និងប្រេងម៉ាស៊ូតតម្លៃ៦២៩លានដុល្លារកើនជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យើងកត់សម្គាល់ឃើញថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន​បានជំរុញឲ្យតម្លៃប្រេងឥន្ធនៈសកល​រួមទាំងកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់ ដែលបាននិងកំពុងរុញច្រានឲ្យប្រទេសជាច្រើនជួបបញ្ហាការកើនឡើងអត្រាអតិផរណា ដែលបង្កឡើងដោយការកើនឡើងតម្លៃក្រុមទំនិញពាក់ព័ន្ធប្រេងឥន្ធនៈ និងការរអាក់រអួលខ្សែចង្វាក់ផ្គត់ផ្គង់។ បើតាមព្រឹត្តិបត្តិស្ថិតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ឆ្នាំ២០២២របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សន្ទស្សន៍តម្លៃប្រេងសាំងបានកើនឡើងជាង៣០% និងម៉ាស៊ូតកើនជាង៤០%។ បច្ចុប្បន្នសាំងធម្មតាលក់ចេ​ញ៤,៨០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូត៥,៣០០រៀលក្នុង១លីត្រ៕




អត្ថបទបន្ទាប់


ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចេញថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាជុំវិញការកាត់ទោសប្រហារជីវិត

នៅទីបំផុត ប្រទេសជាសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញថ្កោលទោស ទៅលើរបបយោធាមីយ៉ាន់ម៉ាហើយ ពាក់ព័ន្ធនឹងករណីកាត់…

បុរសខ្លាំងកូរ៉េខាងជើងថា បានត្រៀមអាវុធនុយក្លេអ៊ែរួចស្រេចហើយ ករណីបើមានផ្ទុះង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ