គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ជិតទីតាំងព្រលានយន្ដហោះថ្មី។ លោក យក់ សុធីរិទ្ធមានប្រសាសន៍ថា គម្រោងលំនៅដ្ឋាន គឺសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក ដោយបច្ចុប្បន្នសម្រាប់ជំហានដំបូងនេះ សម្រេចបានប្រមាណជាង៩០%ហើយ ពោល គឺនៅសល់តែការកែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ។
លោកសុធីរិទ្ធ អះអាងយ៉ាងដូច្នេះថា «យើងគ្រោងការប្រគល់ផ្ទះក្នុងជំហានទី១នេះ មុនចូលឆ្នាំខ្មែរ។ មកទល់ពេលនេះមិនទាន់ប្រគល់បាន ទោះបីជាផ្ទះហើយ១០០%ក៏ដោយ ដោយសារតែរឿងការតទឹក តភ្លើង ហើយកំពុងធ្វើការជាមួយអ្នកទាំងនោះ ដើម្បីពន្លឿនការងារនេះឲ្យឆាប់ចប់ ឆាប់ៗខាងមុខនេះ»។
នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes រូបនេះបានបន្តថា គម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យនៃទីក្រុងរណបសិរីមង្គលនេះ មានការសាងសង់ចែកចេញជា២ជំហាន ជំហានទី១ សាងសង់រួចរាល់ស្ទើរតែ ១០០% និងជំហានទី២ ក៏កំពុងតែសាងសង់បានប្រមាណជា ៣០%ហើយដែរ។
លោកអះអាងថា «ជំហានទី២នេះ យើងធ្វើប្រដេញគ្នាជាបន្តបន្ទាប់ពីជំហានទី១នេះតែម្តង ហើយបើនិយាយពីហេដ្ឋារចនាសម្ព័ន្ធលូផ្លូវអី គឺយើងធ្វើហើយរួចរាល់១០០%តែម្តង»។
ចំពោះការលក់លំនៅឋានក្នុងជំហានទី១វិញ ត្រូវបានលោក យក់ សុធីរិទ្ធ បញ្ជាក់ថា លក់បានប្រមាណជាង៨០% ហើយ គឹស្មើជាង៦០០ខ្នងផ្ទះ ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅក្នុងដំណាច់ឆ្នាំចុងឆ្នាំ ២០២០ ឬដើមឆ្នាំ២០២១។
ស្វាមីភរិយាមួយគូ គឺលោក រ៉េត និងអ្នកស្រី ណែត បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងក្រោយពីទទួលដំណឹងថា ជិតបានលំនៅឋានថ្មី ដោយអ្នកទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍រួមគ្នាថា៖ « យើងទាំង២នាក់មានកូន២ហើយ និងត្រូវជួលផ្ទះស្នាក់នៅ ត្រូវចំណាយជាង ១០០ដុល្លារអាមេរិក ទាំងទឹក និងភ្លើង ដូចនេះនៅពេល ដែលមានផ្ទះជារបស់ខ្លួនឯង ថ្វីត្បិតយើងនៅតែបង់ប្រាក់រាល់ខែមែន តែប៉ុន្មានឆ្នាំក្រោយផ្ទះនោះនឹងក្លាយជារបស់យើងមិនខាន»។
បើតាមនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes តម្លៃផ្ទះរបស់គម្រោងនេះ ទោះបីដីនៅតំបន់នេះឡើងថ្លៃខ្លាំងក្ដី ប៉ុន្តែ គម្រោងនេះមិនបានដំឡើងថ្លៃនោះទេ គឺក្រុមហ៊ុននៅតែរក្សាតម្លៃដូចដើមដែលបានសន្យាដដែល។ លក្ខខណ្ឌនានានៃការបង់រំលោះ គឺនៅដដែល មិនមានការប្រែប្រួលអ្វីទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការអនុគ្រោះពន្ធប្រថាប់ត្រាពីរាជរដ្ឋាភិបាលថែមទៀតផង គឺពលរដ្ឋដែលទិញលំឋានក្នុងក្រុងរណបសិរីមង្គលមិនចាំបាច់បង់ពន្ធប្រថាប់ត្រា ពេលផ្ទេរឈ្មោះនោះទេ ។
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល ដំបូងឡើយបើកទូលាយសម្រាប់តែមន្ត្រីរាជការប៉ុណ្ណោះ តែមកទល់នឹងពេលនេះអ្នកជាវលំនៅឋានជាមន្ត្រីរាការមានប្រមាណតែជិត ៣០%ប៉ុណ្ណោះ ក្រៅពីនេះអតិថិជនដែលបានទិញ គឺជាពលរដ្ឋដែលមុខរបរលក់ និងប្រកបការងារផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលមានគោលនយោបាយ ជំរុញឲ្យកម្មករកម្មការិនី ទិញលំនៅឋានតម្លៃរម្យនេះ ដោយផ្តោតសំខាន់ទៅលើស្វាមីភរិយា ដែលជាកម្មករកម្មាការិនីដូចគ្នា។
សូមបញ្ជាក់ថា ផ្ទះនៅក្នុងគម្រោងនេះ ត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេសខ្ពស់
ដោយមានប្រើឥដ្ឋជួយសន្សំសំចៃខ្ពស់ ជួយកាត់បន្ថយកម្ដៅនិងបរិស្ថាន ព្រមទាំងមានសោភ័ណភាពស្អាត
និងមានភាពរឹងមាំទៀតផង។ បច្ចុប្បន្ន គម្រោងនេះ កំពុងដំណើរការសាងសង់យ៉ាងសកម្ម
ហើយនៅដើមឆ្នាំ២០២១ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់លើគម្រោងទាំងស្រុងតែម្តង។
គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Home ត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យធំជាងគេមួយ ដែលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ៨គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងតាខ្មៅ។ គម្រោងនេះ សាងសង់លើផ្ទៃដីសរុប ២៣ ហិកតា មានចំនួនផ្ទះសរុបជាង ២.៤០០ ផ្ទះ ទុនវិនិយោគសាងសង់ ប្រមាណ ៧៣លានដុល្លារអាមេរិក។ មកទល់ពេលនេះ គម្រោងលំនៅដ្ឋានទីក្រុងរណបសិរីមង្គលនេះ បានលក់ផ្ទះអស់ចំនួន ជាង ១ពាន់ផ្ទះ ស្មើនឹង ៤៤% នៃចំនួនផ្ទះសរុប៕