លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ក្រុមការងារខេមបូណូមីស តាមប្រព័ន្ធតេឡក្រាមថា នៅពេលនេះ ខាងសមាគមកំពុងត្រៀមធ្វើកិច្ចព្រមព្រៀងជាមួយអ្នកពាក់ព័ន្ធនៅក្នុងស្រុក និង ថ្នាក់តំបន់អាស៊ានផងដែរ ដើម្បីទទួលយកភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ ព្រមទាំងសំណូមពរដល់រាជរដ្ឋាភិបាល ពិចារណា ចំពោះការបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសណា ដែលបានចាក់វ៉ាក់សាំងកូវីដ រួចផងដែរ។
ការស្នើសុំបែបនេះ គឺចំពេលដែលប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និង វៀតណាម ត្រូវបាន ប្រកាសអំពីការអនុញ្ញាតបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិណា ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ អាចចូលទេសចរណ៍ប្រទេសគេបាន។
ជុំវិញទៅនឹងការស្នើឲ្យមានវិធានការណ៍បើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចនេះដែរ ខេមបូណូមីសមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក។
យ៉ាងណាក៏ដោយចុះ បើតាមលោកស្រីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រហូតមកទល់នឹងពេលនេះ អាជីវកម្មទេសចរណ៍បានបិទទ្វារជាង៣ពាន់ទីតាំងហើយ ដែលភាគច្រើននៅខេត្តសៀមរាប ដែលតួលេខនេះ អាចនៅតែបន្តកើនឡើងទៀត បើបញ្ហាជំងឺកូវីដ ១៩ ក្នុងសហគមន៍ នៅតែបន្តរីករាលដាលខ្លាំងបែបនេះ៕
សូមទស្សនាសេចក្តីរាយការណ៍ខាងក្រោមបន្ថែម៖