កំណើនថ្លៃដើមយ៉ាងគំហុកនេះ កំពុងក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់កសិករ និងទាមទារឱ្យមានការជួយអន្តរាគមន៍ជាបន្ទាន់ពីរាជរដ្ឋាភិបាល។
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម សង្កេតឃើញថា ថ្លៃដើមផលិតក្នុងវិស័យកសិកម្ម បានហក់ឡើងខ្ពស់ កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់កសិករក្នុងដំណើរការផលិតនាពេលបច្ចុប្បន្ននេះ។ បើតាមលោក សុខ សុថា បច្ចុប្បន្នតម្លៃជីកសិកម្ម បានកើនឡើងប្រមាណពី២៥% ទៅ៥០% ទៅតាមប្រភេទនៃជី ដែលបានធ្វើឱ្យកសិករអ្នកដាំដុះអាជីពមួយចំនួនកំពុងរារែកក្នុងការបន្តផលិត ហើយអាចឈានដល់បោះបង់ការផលិត ជាពិសេសកសិករដាំដុះស្រូវតែម្តង។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជា ទំនងជាមិនអាចជួបវិបត្តិស្បៀងអាហារនោះទេ ខណៈកាលពីឆ្នាំមុនការផលិតរបស់កសិករលើសតម្រូវការប្រើប្រាស់ទៅទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជា អាចជួបប្រឈមនឹងវិបត្តិស្បៀងអាហារនោះទេ ពីព្រោះកម្ពុជា ជាប្រទេសផលិតស្បៀង។ ប៉ុន្តែផលប៉ះពាល់នឹងស្តែងចេញតាមរយៈការហក់ឡើងអតិផរណាស្បៀងអាហារ។ លោកបានវាយតម្លៃថា អត្រាអតិផរណាស្បៀងអាហារនៅកម្ពុជា អាចនឹងកើនឡើងលើស ៣,៥% ក្នុងឆ្នាំ២០២៦ នេះ។ ដើម្បីទប់ស្កាត់វិបត្តិជីកសិកម្ម លោកបណ្ឌិត យល់ថា រដ្ឋាភិបាល គួរតែជំរុញវិស័យឯកជនឱ្យផលិតជីក្នុងស្រុក ធ្វើពិពិធកម្មប្រភពនាំចូល និងកែសម្រួលនីតិវិធីបន្ធូរបន្ថយពន្ធនាំចូលជី ដើម្បីធានាបាននូវតម្លៃសមរម្យ និងបរិមាណផ្គត់ផ្គង់គ្រប់គ្រាន់។
គួរបញ្ជាក់ថា ការហក់ឡើងនៃតម្លៃជី និងថ្នាំកសិកម្មនៅកម្ពុជា នាពេលនេះ ត្រូវបានរុញច្រានជាចម្បងដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ ស្ថានភាពនេះមិនត្រឹមតែជាឧបសគ្គដល់ខ្សែច្រវាក់ផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងថ្មីមួយសម្រាប់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីរក្សាភាពប្រកួតប្រជែង នៃវិស័យកសិកម្ម និងការពារសន្តិសុខស្បៀងសម្រាប់ប្រជាជាតិ ទាំងមូល៕
អត្ថបទ៖ ជា ម៉ារ៉ា