រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា នៅអំឡុងពេលនៃការរាតត្បាតកូវីដ-១៩នេះ តម្រូវការប្រើប្រាស់ជីកសិកម្មមិនមានកំណើននោះទេ គឺនៅថេរដដែល ខណៈដែលតម្លៃជីកសិកម្មវិញបែរជាមានការឡើងថ្លៃគួរឲ្យកត់សម្គាល់ ។ កន្លងមកក្រសួងកសិកម្មក៏ធ្លាប់បានអំពាវកុំឲ្យមានការឡើងថ្លៃជីកសិកម្មតែក្រុមហ៊ុនទាំងនោះមិនអាចធ្វើបានតាមការអំពាវនាវនេះទេ។ ជុំវិញនឹងបញ្ហានេះ ក្រុមហ៊ុនឯកជន ដែលបាននាំចូលជីកសិកម្មពីក្រៅប្រទេសដូចជា វៀតណាម ឥណ្ឌា ថៃ ជប៉ុនជាដើម បានលើកឡើងថា តម្លៃជីកសិកម្មមានការឡើងថ្លៃនេះ ដោយសារតែការនាំចូលពីប្រទេសទាំងនោះ គឺឡើងថ្លៃដែរ ហើយគួបផ្សំនឹងការដឹកជញ្ជូនឡើងថ្លៃ ប្រេងឥនន្ធនៈពិភពលោកឡើងថ្លៃ ថែមមានការបិទខ្ទប់នៅតាមប្រទេសមួយចំនួនផងនោះ វាតម្រូវឲ្យការលក់ជីនៅក្នុងទីផ្សារកម្ពុជាក៏មានឡើងថ្លៃទៅតាមនោះដែរ។ ជាក់ស្ដែង កាលពីមុនតម្លៃជីបាញ់ស្រូវ ប្រភេទទឹក នាំចូលមកលក់តែ៥ដុលា្លរទេ តែបច្ចុប្បន្នតម្លៃ៦ទៅ៦ដុល្លារកន្លះ ខណៈដែលជីប្រភេទផ្សេងៗទៀតក៏ឡើងថ្លៃដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនលក់ជីនៅរាជធានីភ្នំពេញ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ខេមបូណូមីសថា នៅអំឡុងពេលនៃការររីករាលជំងឺកូវីដ១៩នេះ ក្រៅពីជំរុញ និងលើកទឹកចិត្តឲ្យកសិករមានការដាំដុះដំណាំកាន់តែច្រើន និងមានគុណភាពហើយ ក្រសួងកសិកម្មបានខិតខំប្រឹង ធ្វើការជាមួយក្រុមហ៊ុននាំចូលជីកសិកម្មជាច្រើនលើកច្រើនសារដែរ ដើម្បីជំរុញឲ្យក្រុមហ៊ុនទាំងនោះរក្សាតម្លៃជីកសិកម្មនៅដដែល ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនអាចធ្វើបានតាមការស្នើសុំពីក្រសួងកសិកម្មនោះទេ ។ ឯកឧត្តម វេង សាខុន បានបន្ថែមថា ការក្រុមហ៊ុនទាំងនោះមិនអាចធ្វើបាន ដោយសារតែ បញ្ហាតម្លៃនៃការដឹកជញ្ជូនឡើងថ្លៃ។
លោក គីង រតនា នាយកប្រតិបត្តិក្រុមមហ៊ុន ជី ស្តេចដំរីខៀវ ដែលបាននាំចូលជីកសិកម្មសរីរាង្គពីប្រទេសឥណ្ឌា បានឲ្យខេមបូណូមីសដឹងដែរថា នៅអំឡុងពេលកូវីដ១៩នេះ ការលក់របស់ក្រុមហ៊ុនលោកបានការថយចុះ ៥០% ដោយសារតែកសិករ ដែលទិញជីពីក្រុមហ៊ុនលោក ភាគច្រើនដាំស្វាយ និងស្វាយចន្ទី ហើយទិន្នផលពួកគាត់នៅឆ្នាំនេះ មិនសូវកាក់កបប៉ុន្មានទេ ដូច្នេះហើយ ទើបធ្វើឲ្យការទិញជីដើម្បីប្រើប្រាស់បន្ដហាក់មានការថយចុះ។លោក គីង រតនា បន្ថែមថា ចំពោះការលើកឡើងរបស់កសិករ ថាតម្លៃជីមានការឡើងថ្លៃនោះ គឺជាការពិត ព្រោះក្រុមហ៊ុនរបស់លោកនាំចូលមក ក៏ឡើងថ្លៃដូចគ្នា ដោយកាលពីមុនតម្លៃជីបាញ់ស្រូវ នាំចូលមកតែ៥ដុលា្លរទេ តែបច្ចុប្បន្នតម្លៃ៦ទៅ៦ដុល្លារកន្លះ។
ចំណែក លោក ហេង សុខឃាម អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានប្រាប់ខេមបូណូមីសដែរថា ថ្វីត្បិតតែ ជីកសិកម្មដែលនាំចូលមក មានការឡើងថ្លៃមែន តែក្រុមហ៊ុនរបស់លក់ទៅឲ្យកសិករ មិនមានការដំឡើងថ្លៃនោះទេ ។
លោក ហេង សុខឃាម បានបញ្ជាក់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យជីកសិកម្មមានឡើងថ្លៃបែបនេះ រួមមាន ថ្លៃដើមទិញពីប្រទេសជប៉ុនមកក៏ថ្លៃដែរ ខណៈដែលកត្តាតម្លៃដឹកជញ្ជូនក៏ថ្លៃដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុននិងសិប្បកម្មកែច្នៃជីកសិកម្មនៅកម្ពុជា ដែលបានបើកដំណើរការមានចំនួន៨ ក្នុងចំណោមក្រុមហ៊ុន និងសិប្បកម្មចំនួន១០ ដែលបានសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ខណៈដែលការនាំចូលជីកសិកម្មពីក្រៅប្រទេសវិញកម្ពុជានាំចូលមកក្នុងទំហំរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕