ឯកឧត្តម តាន់ សុផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វបញ្ជាក់ថា អ្វីដែលជាចំណាត់ការរបស់ក្រសួង គឺស្តែងឲ្យឃើញថា ក្រសួងចង់ឲ្យប្រជាជន ដែលជាកសិករចាប់អារម្មណ៍លើការចិញ្ចឹមសត្វដែលជួយបង្កើតជាមុខរបរ ដើម្បីចៀសវាងការធ្វើចំណាកស្រុក។
ឯកឧត្តមបន្ថែមថា ចំណាត់ការក៏ដូចជាការជំរុញរបស់ក្រសួងពេលនេះ គឺអាចធានាបាននូវស្ថិរភាពតម្លៃសាច់ជ្រូករស់នៅក្នុងទីផ្សារចន្លោះពី ១១.០០០ ទៅ១២.០០០ រៀលក្នុងមួយគីឡូក្រាមស្របតាមអ្វីដែលបានអនុវត្តកន្លងមក។
ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបញ្ជាក់ថា ការចិញ្ចឹមសត្វនៅកម្ពុជាក្នុងពេលបច្ចុប្បន្នបាននិងកំពុងបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ខណៈមានការជំរុញយ៉ាងទទូចពីរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មកម្ពុជា។
តាមតួលេខដែល ឯកឧត្តម តាន់ សុផាន់ណារ៉ា បញ្ជាក់ គ្រាន់តែដើមឆ្នាំ២០២០ នេះកម្ពុជាបាននាំចូលមេជ្រូកពូជជាង ៥ពាន់ក្បាលហើយ ខណៈឆ្នាំ២០១៩ កម្ពុជាមានមេជ្រូកពូជប្រមាណ ៧ពាន់ក្បាលប៉ុណ្ណោះ។ ចំណែកការនាំចូលកូនជ្រូកពូជមកចិញ្ចឹមនៅដើមឆ្នាំ២០២០នេះវិញ មានចំនួនប្រមាណ៦ម៉ឺនក្បាល ខណៈកាលពីឆ្នាំ២០១៩ ចំនួនត្រឹមតែ ២ម៉ឺនក្បាលប៉ុណ្ណោះ ។
ឯកឧត្តម តាន់ សុផាន់ណារ៉ា បានលើកឡើងឲ្យដឹងទៀតថា លទ្ធភាពផ្គត់ផ្គង់សាច់សត្វនៅអំឡុងពេល ដែលកម្ពុជាពុំទាន់ជួបវិបត្តិកូវីដ-១៩ គឺកម្ពុជាអាចធានាការផ្គត់ផ្គង់បានរហូតដល់ ៨២ភាគរយ ប៉ុន្តែនៅពេលដែលកម្ពុជាជួបនឹងវិបត្តិកូវីដ-១៩ តម្រូវការសាច់សត្វមានការធ្លាក់ចុះបានធ្វើឲ្យចំនួននៃការផ្គត់ផ្គង់ប្រមាណ ៨២ភាគរយនេះ គឺស្ទើរតែគ្រប់គ្រាន់ទៅហើយសម្រាប់តម្រូវការក្នុងស្រុក ដូច្នេះមិនចាំបាច់ត្រូវនាំចូលពីក្រៅនោះឡើយ។
ឯកឧត្តមបានអះអាងឲ្យដឹងទៀតថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ នេះរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម ក៏បានបញ្ជាឲ្យបិទការនាំចូលសត្វដែលក្នុងនោះការនាំចូលមាន់កាត់បន្ថយរហូត៥០ភាគរយ និងការនាំចូលសត្វជ្រូកក៏ត្រូវបានកាត់បន្ថយ ៥០ភាគរយដូចគ្នាដែរ។
តាមឯកឧត្តម សុផាន់ណារ៉ា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ ក្រុមហ៊ុន ត្រូវបានអនុញ្ញាតធ្វើអាជីវកម្មនាំចូលសត្វមកកម្ពុជាក្នុងបរិមាណស្មើៗគ្នា។ ឯកឧត្តមថា ក្នុងពេលបច្ចុប្បន្ននេះ ពុំមានការនាំចូលជ្រូកពីប្រទេសវៀតណាមឡើយ ខណៈសាច់ជ្រូករស់នៅប្រទេសវៀតណាមមានតម្លៃ១៧.០០០ រៀលក្នុងគីឡូក្រាម ពោលគឺថ្លៃខ្ពស់ជាងសាច់ជ្រូករស់នៅកម្ពុជា៕