លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) បានឲ្យដឹងថា ការទទួលស្គាល់ការបង្កើតមុខវិជ្ជាគណនេយ្យទាំង២កម្រិតរបស់វិទ្យាស្ថាន ពីសំណាក់ក្រសួងអប់រំនេះ គឺជាមោទកភាពមួយរបស់វិទ្យាស្ថាន ព្រោះថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន កំពុងតែមានការខ្វះខាត អ្នកជំនាញផ្នែកគណនេយ្យនេះ។
លោកបណ្ឌិត ផុន ណារិន បានបន្ថែមថា ៖« មុខវិជ្ជានេះ(គណនេយ្យ)គឺមានសារសំខាន់ខ្លាំងណាស់ ដោយសារតែនៅក្នុងអាស៊ាន មិនត្រឹមតែប្រទេសកម្ពុជាទេ គឺនៅខ្វះគណនេយ្យករ ដែលធ្វើបញ្ជីស្នាម ហើយស្រុកយើងមានតែនៅក្នុងក្រុមហ៊ុនសហគ្រិនភាពធំៗទេ ដែលមានអ្នកជំនាញជាគណនេយ្យករដែលមានវិជ្ជាជីវៈច្បាស់លាស់»។
លោកបណ្ឌិតបានបន្តថា ៖« យោងតាមស្ថានភាពពិតជាក់ស្តែង តែម្តង ដែលខ្ញុំធ្លាប់បានចូលរួមស្តាប់នៅក្នុងសិក្ខាសាលារបស់គណៈកម្មាការផ្នែកគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលកន្លងទៅ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ធ្លាប់បានមានប្រសាសន៍ថា អ្នកជំនាញគណនេយ្យគឺមានតិចណាស់ នៅកម្ពុជាមានមិនដល់១០០នាក់ផង ដែលគេអាចនិយាយបានថា ជាគណនេយ្យករនៅក្នុងកម្រិត CPA ( Certified Public Accounting) ហើយនៅក្នុងសហគមន៍ អាស៊ានទាំងមូលហ្នឹង ក៏ទទួលស្គាល់គណនេយ្យករនៅក្នុងកម្រិត CPAនេះ នៅមានកម្រិតផងដែរ»។
ដោយសារមូលហេតុទាំងនេះហើយ ទើបគណៈគ្រប់គ្រងនៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB)សម្រេចបង្កើតមុខវិជ្ជាគណនេយ្យនេះបន្ថែមទៀត សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ ហើយមកទល់ពេលនេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) មានបណ្តុះបណ្តាល៖
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ និង ថ្នាក់បរិញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ និងពាណិជ្ជកម្មអន្តរជាតិ។ ដោយឡែក ថ្នាក់បរិញ្ញាបត្ររងវិញ រួមមាន គណនេយ្យហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង ចលនូបត្ថម្ភ និងគ្រប់គ្រងអាហរ័ណ-នីហរ័ណ។
គួរបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថាន ក៏កំពុងរៀបចំដំណើរការស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមមុខជំនាញផ្សេងទៀតដូចជា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហិរញ្ញវត្ថុ គ្រប់គ្រង និងកម្រិតបរិញ្ញាបត្រ រួមមាន ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងផ្នែកធុរកិច្ច ភាសាអង់គ្លេសម្រាប់ការបង្រៀនជាភាសាអង់គ្លេសជាភាសាបរទេស និងវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ព្រមទាំង កម្រិតបរិញ្ញាបត្ររងផ្នែកភាសាអង់គ្លេសផងដែរ។
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ក៏កំពុងចាប់ផ្តើមទទួលពាក្យឲ្យចូលសិក្សា ពីពេលនេះតទៅដែរ ជាពិសេសសម្រាប់សិស្សថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ទើបតែប្រកាសឲ្យសិស្សដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ដោយស្វ័យប្រវត្តិតែម្តង ដោយមិនចាំបាច់ប្រលង ហើយវិទ្យាស្ថាន មានផ្តល់អាហារូបករណ៍ ចាប់ពី25% រហូតដល់ 100% ដល់និស្សិតថែមទៀតផង ៕