
បន្ទាប់ពីទទួលបានលិខិតពីក្រសួងអប់រំ ដែលបានបង្ហាញពីការទទួលស្គាល់នូវ ការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិកមក បណ្ឌិត ផុន ណារិន នាយកវិស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) បានឲ្យដឹងថា នេះគឺជាមោទកភាព របស់វិទ្យាស្ថាន ដែលក្រសួងអប់រំបានទទួលនូវការខិតខំប្រឹងរបស់វិទ្យាស្ថានAIB ចំពោះការបង្រៀននិស្សិតតាមអនឡាញនេះ ដើម្បីឲ្យមានប្រសិទ្ធភាព។
លោកបណ្ឌិត ផុន ណារិន បានបន្តថា « យើងមានគម្រោងថា ទៅមុខទៀតក្រោយពីកូវីដចប់ គឺយើងនឹងប្រើយន្តការទាំង២ គឺទាំង In class training (រៀនផ្ទាល់) ទាំងរៀនតាមអនឡាញ ដោយយើងគិតថា និស្សិតរបស់យើងចំណេញពេលវេលា ក្នុងការពីផ្ទះមក ហើយជាពិសេស សិក្ខាកាមដែលជាសហគ្រិនភាព គាត់រៀនតាមអនឡាញបាន បើគាត់រវល់ គាត់អាចធ្វើការបណ្តើរ គាត់អាចមើលការបង្រៀនរបស់យើងបណ្តើរ ដូច្នេះវាជួយច្រើនមែនទែន»។
លោកនាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB)រូបនេះ បានបន្ថែមថា « វាជារបត់ថ្មីមួយនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ សម័យឌីជីថល ក៏ដូចជាសម័យកូវីដផង អញ្ចឹងទាំងអស់ហ្នឹង គឺជារបៀបរបបថ្មីនៃការអប់រំពីចំងាយតាមបច្ចេកវិទ្យា ហើយស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំផងដែរ»។
បើតាមលោកបណ្ឌិត ផុន ណារិន សព្វថ្ងៃនេះ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិករបស់វិទ្យាស្ថានAIB មិនមានការរអាក់អួលអ្វីនោះទេ ដោយនិស្សិត ដែលបានចូលរួមសិក្សាតាមប្រព័ន្ធនេះ មានស្ទើរតែ១០០% ទៅហើយ ខណៈគ្រឹះស្ថានសិក្សាមួយចំនួនមានសិស្សនិស្សិតចូលរួមបានប្រមាណតែពី ៣០%ទៅ៥០% ប៉ុណ្ណោះ។

គួរបញ្ជាក់ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB) បានវិនិយោគអស់រាប់ម៉ឺនដុល្លារអាមេរិកបន្ថែម ចំពោះការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនេះ ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួល និងគុណភាពអប់រំដល់ការសិក្សារបស់និស្សិតខ្លួន៕