លោក Fernades បាននិយាយនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួនថា «ក្រុមហ៊ុន មិនមានប្រាក់ចំណូលចូលទេ»។ លោកបន្ថែមថា « យើងកំពុងតែធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយអំឡុងពេលនេះ ដូច្នេះ យើងអាចត្រឡប់មកធ្វើការប្រយុទ្ធបានយ៉ាងលឿនឡើងវិញ ដើម្បីបន្ដធ្វើជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតសម្រាប់ការហោះហើរ ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាមានសមត្ថភាពហោះហើរបាន ជាមួយនឹងគុណតម្លៃ និងសេវាកម្មដ៏អស្ចារ្យរបស់យើង»។
ក្នុងកាលៈទេសៈនេះ ថ្នាក់ដឹកនាំកំពូលទាំងពីររូប របស់ក្រុមហ៊ុន AirAsia គឺលោក Fernades ដែលជានាយកប្រតិបត្តិ និងលោក Kamarudin Meranun ដែលជាប្រធានក្រុមប្រឹក្សាភិបាល នឹងធ្វើការដោយមិនយកប្រាក់ខែ នៅអំឡុងពេលវិបត្តិ Covid-19នេះ ខណៈដែលបុគ្គលិកដទៃទៀត បានយល់ព្រមទទួលយកការកាត់បន្ថយប្រាក់ឈ្នួលជាបណ្ដោះអាសន្នប្រមាណពី ១៥% ទៅ ៧៥% អាស្រ័យទៅលើអតីតភាពការងារ ដើម្បីចូលរួមចែករំលែកនៃផលប៉ះពាល់អវិជ្ជមានមកលើអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏បានបញ្ជាក់ផងដែរ អំពីការមិនសប្បាយចិត្តរបស់អតិថិជនរបស់ខ្លួនក្នុងការទទួលបានសំណងត្រឡប់មកវិញ ចំពោះការលុបចោលជើងហោះហើរ តែក្រុមហ៊ុននេះ ក៏បានជំរុញឲ្យអ្នកដែលទិញសំបុត្ររួចទាំងនោះ ទទួលយកជម្រើសល្អមួយ គឺ Flight Credits (រក្សាទុកប្រាក់ទាំងនោះជាមួយក្រុមហ៊ុន សម្រាប់ការហោះហើរលើក្រោយ)។
កាលពីថ្ងៃទី ០៨ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុន AirAsia ជប៉ុន បានប្រកាសថា ក្រុមហ៊ុននេះ នឹងព្យួរប្រតិបត្តិការជើងហោះហើរក្នុងស្រុក ចាប់ពីថ្ងៃទី ០៩ -៣០ ខែមេសា ហើយប្រតិបត្តិការជើងហោះហើរអន្តរជាតិ ត្រូវបានផ្អាកផងដែរ ចាប់ពីថ្ងៃទី ២០មីនា ដល់ថ្ងៃទី ២៤ ខែមេសា។
សម្រាប់ AirAsia នៅហ្វីលីពីនវិញ ក៏បានលុបចោលជើងហោះហើរទាំងអស់ ដល់ថ្ងៃទី ៣០ ខែមេសា បន្ទាប់ពីប្រទេសនេះ បានពង្រីកបន្ថែមនូវ ការដាក់ដោយឡែកជាសហគមន៍ នៅលើបណ្ដុះកោះដ៏ធំ Luzon រហូតដល់ចុងខែមេសា។
ដោយឡែក ក្រុមហ៊ុន AirAsia Group បានព្យួរប្រតិបត្តិការនៅក្នុងខែមេសានេះ ខណៈដែល ក្រុមហ៊ុន AirAsia X Group បច្ចុប្បន្ននេះ ត្រូវបានព្យួរជើងហោះហើររហូតដល់ចុងខែឧសភា៕